ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា និង គណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព

ចែករំលែក៖

 

ទីក្រុងបាងកក ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត អាមីដា សាលសុីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាសុី-ប៉ាសុីហ្វិក (ESCAP) ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ។

ក្នុងជំនួបនេះ លោកស្រីបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកចូលរួម និងថ្លែងសន្ទរកថាគន្លឹះក្នុងសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគណ:កម្មការ ESCAP។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់គណ:កម្មការ ESCAP ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក ដោយគណ:កម្មការ ESCAP គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជាដែលបានផ្តល់នូវជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលជំនាញលើវិស័យនានា រួមមាន ដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ច, និរន្តរភាពបរិស្ថាន, ការជំរុញបរិយាប័ន្នសង្គម និងអភិបាលកិច្ច ជាដើម។ បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ក្នុងការជួយគាំទ្រដល់ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលគោលនយោបាយនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ESCAP ក្នុងការចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន។ ទន្ទឹមនោះ សម្តេចធិបតី បានបង្ហាញនូវការប្ដេជា្ញចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និង គណ:កម្មការ ESCAP បន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកសាងអនាគតដ៏ល្អប្រសើរមួយសម្រាប់ទាំងអស់គ្នា។ សម្តេចធិបតី ក៏បានជម្រាបជូនលោកជំទាវបណ្ឌិតអំពីក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

ដោយ ៖ សិលា


ចែករំលែក៖