ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះឈើ២ខ្នងរបស់ជនរងគ្រោះក្នុងឧបទ្ទេវហេតុផ្ទុះគ្រាប់បេ៤១ ស្លាប់អស់៤នាក់ប្រឈមការរុះរើឬដុតចោល ដ្បិតអ្នកភូមិ,សាច់ញាតិយល់ថា អាចនាំគ្រោះចង្រៃដល់អ្នក ដទៃ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ អាជ្ញាធរក្រុងសែនមនោមរម្យ និងមន្ត្រីសង្កាត់រមនា បានចុះទៅពន្យល់ណែនាំហាមឃាត់មិនឱ្យបងប្អូនអ្នកភូមិ និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់ កើតមានអារម្មណ៍ភ័យខ្លាច រហូតឈានដល់ដុតបំផ្លាញផ្ទះ សម្បែង ឬទ្រព្យសម្បត្តិនានារបស់សពជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍នេះ ។

ផ្ទះឈើចំនួនពីរខ្នងរបស់ជនរងគ្រោះក្នុងឧបទ្ទេវហេតុផ្ទុះគ្រាប់បេ៤១ បណ្តាលឱ្យស្លាប់អស់មនុស្សចំនួន៤ នាក់ កំពុងប្រឈមការរុះរើឬដុតចោល ដ្បិតអ្នកភូមិជាពិសេសសាច់ញាតិយល់ថា អាចនាំគ្រោះចង្រៃដល់អ្នកដទៃ ។ ក្រុមគ្រួសាររបស់សពជនរងគ្រោះដែលបានស្លាប់ក្នុងករណីនេះ ជួបទុក្ខធំយ៉ាងអាណោចអាធ័មណាស់ទៅហើយ ពោលគឺបាត់បង់បង្គោលគ្រួសារដែលជាបង្អែកដ៏រឹងមាំជួយជ្រោងជីវភាព រួមមាន ឪពុក កូន និងចៅ ។

ប្រភពព័ត៌មានថា ហើយបើត្រូវដុតបំផ្លាញផ្ទះសម្បែងឬទ្រព្យសម្បត្តិដែលនៅសេសសល់ទៀត តើអ្នកនៅរស់ត្រូវជួបទុក្ខលំបាកអ្វីខ្លះ? មន្ត្រីក្រុងសែនមនោរម្យឱ្យដឹងថា អបីយជំនឿមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ឬស្លាប់ក្នុងឧបទ្ទេវហេតុអ្វីមួយ តាំងពីបុរាណតាមប្រពៃណីជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី គេតែងសន្មត់ថា ខ្មោចតៃហោង ដែលតម្រូវឱ្យសាច់ញាតិគ្រួសារសព(ប្ដីឬប្រពន្ឋឬកូនៗ) ត្រូវរៀបចំពិធីសែនព្រេនថ្វាយ គោ,មាន់,ទា,ជ្រូក និងស្រាពាង ជាដើម។

ក្រៅពីពិធីសែននេះ តាមភូមិខ្លះ ឈានដល់ការរុះរើ និងដុតផ្ទះ រួមទាំងទ្រព្យសម្បត្តិនានាដែលពាក់ព័ន្ធរបស់ជន រងគ្រោះចោល មិនត្រឹមប៉ុណ្ណោះ បើសភាពកាន់តែធ្ងន់ គឺបណ្ដេញគ្រួសារសពចេញពីភូមិតែម្ដង។ សូម្បីនៅថ្ងៃ កើតហេតុ ពេលសមត្ថកិច្ចចុះទៅត្រួតពិនិត្យស្រាវជ្រាវករណីនេះ បានស្នើរសុំដល់អ្នកភូមិជួយសហការ ជូនកម្លាំងជំនាញទៅទីតាំងកើតហេតុ គ្មានអ្នកភូមិណាម្នាក់ចេញជួយយកអាសារនាំផ្លូវទៅឡើយ។

សមត្ថកិច្ចត្រូវដើរដោយថ្មើរជើងតាំងពីល្ងាចថ្ងៃកើតហេតុ រហូតដល់ពាក់កណ្ដាលយប់ទម្រាំរកឃើញកន្លែងសាក សពជនរងគ្រោះ ដោយដើរក្នុងព្រៃចម្ងាយប្រមាណជិត ១០គីឡូម៉ែត្រ ។ រឿងកាន់តែហួសចិត្តមួយទៀតនោះគឺ ក្រោយសមត្ថកិច្ចបញ្ចប់ភារកិច្ចរបស់ខ្លួនវិលត្រឡប់ទៅអង្គភាពវិញ ស្រាប់តែអ្នកភូមិហាមឃាត់ មិនអនុញ្ញាតឱ្យធ្វើដំណើរឆ្លងតាមកាត់ផ្លូវក្នុងភូមិទេ ដូច្នេះកម្លាំងទាំង អស់ត្រូវដើរវាងភូមិអស់មួយជុំទើបទៅដល់ផ្លូវធំវិញ ។ ចំណែកសភាពផ្ទះរបស់សពជនរងគ្រោះទាំងបួននាក់ សារព័ត៌មានដែលបានចុះផ្ទាល់ សង្កេតឃើញថា មានភាពស្ងាត់ជ្រងំ គ្មានពិធីបុណ្យសព គ្មានសាច់ញាតិជួប ជុំរំលែកទុក្ខអ្វីឡើយ ។ អ្នកជិតខាងបានត្រឹមឈរមើលពីចម្ងាយ មិនហ៊ានឆ្លងរបងចូលក្នុងបរិវេណផ្ទះសពទេ ។ លុះមានការអន្តរាគមន៍ពន្យល់ណែនាំពីអាជ្ញាធរ បន្តិចក្រោយមកគេបានឃើញមានសាច់ញាតិរបស់សព និងមនុស្សជិតដិតខ្លះ បានជួយកាប់ជ្រូកមាន់រៀបចំពិធីសែនតាមបែបបទរបស់ពួកគាត់។

ទោះជាយ៉ាងណា ការលើកឡើងអំពីបញ្ហាសពរបស់ជន រងគ្រោះទាំងបួននាក់ស្លាប់អាចនាំគ្រោះភ័យដល់អ្នកភូមិ ហើយត្រូវដុតផ្ទះចោល មិនទាន់កើតមានទេគិតត្រឹមរសៀលថ្ងៃទី២២ មេសា ២០២៤ នេះ ខណៈគេបាន ឃើញអាជ្ញាធរកំពុងខិតខំពន្យល់ ណែនាំនិងហាមឃាត់សកម្មភាពនោះកុំឱ្យកើតមាន។ អាជ្ញាធរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត បើករណីដុតផ្ទះត្រូវបានធ្វើឡើង គេ និងបន្តរកដំណោះស្រាយផ្សេងមកជំនួសការដុតផ្ទះចោល ដោយធ្វើពិធីឧបកិច្ចផ្សេងៗវិញ។

សូមរំលឹកឡើងវិញថា ព័ត៌មានចុងក្រោយដែលទទួលបាននា ល្ងាចថ្ងៃទី២១ មេសា ២០២៤ បានឱ្យដឹងថា ករណីផ្ទុះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាមបណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និង២នាក់របួស នៅចំណុចត្រពាំងតុង ស្ថិតក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ភ្លាមៗនោះកម្លាំងសមត្ថកិច្ចដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៌ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានឱ្យដឹងថា ជនរង គ្រោះរួមមាន ១-ឈ្មោះ ជើម ក្លេវ ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិព្នង ត្រូវជាឪពុក ឈ្មោះ ក្លេវ ដា (ស្លាប់) ។ ២-ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិព្នង ប្ដី (ស្លាប់)។ ៣-ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិព្នង ប្រពន្ធ (របួសស្រាល)។ ៤-ឈ្មោះ ដា ហាត់ ភេទស្រី អាយុ១៣ឆ្នាំ កូន (ស្លាប់)។ ៥-ឈ្មោះ ដា សាភេទប្រុស អាយុ១០ ឆ្នាំ កូន (ស្លាប់)។ ៦-ឈ្មោះ ដា វាសនា ភេទស្រី អាយុ០៦ឆ្នាំ (រងរបួសស្រាល)។ ជន រងគ្រោះទាំង៦នាក់ខាងលើមានទីលំនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

តាមការបំភ្លឺពីឈ្មោះ តែក ខ្លូង ជាជនរងគ្រោះដែលរងរបួសស្រាល បានរៀបរាប់ថា ពួកគាត់មានគ្នា៦នាក់នេះ ដើររកជ័ររាំង។ ពេលទៅដល់កន្លែងកើតហេតុមានដើម ឈើ១ដើមធំម្លប់ បានឃើញគ្រាប់១គ្រាប់ប្រវែងប្រហែលកន្លះម៉ែត្រនៅនឹងគល់ដើមឈើ។ ពេលនោះគាត់និងកូនឈ្មោះ ដា វាសនា បានដើរផុតប្រហែល៥ទៅ៦ម៉ែត្រ ក៏ បានលឺចៅសួរទៅតាថា អានេះអីគេ? រួចហើយឪពុក ក្មេករបស់នាងឈ្មោះ ជើម ក្លេវ បានប្រាប់កូនគាត់ថា អានេះជារបស់សល់ពីបុរាណ ។

បន្តិចក្រោយមកក៏ឮសំឡេងផ្ទុះពីខាងក្រោយ បណ្តាលឱ្យឈ្មោះ តែក ខ្លូង និងកូនឈ្មោះ ដា វាសនា រងរបួសស្រាល បន្ទាប់មកគាត់ក៏ឃើញឪពុកក្មេក,ប្ដី និងកូន២នាក់ទៀតដែលបានរៀបរាប់នេះ បានស្លាប់អស់ហើយ គាត់ក៏នាំកូនឈ្មោះ ដា វាសនា មកភូមិឱ្យគេជួយនិងរាយការណ៍ជូនមេភូមិ។

លោកស្នងការបន្តថា យោងតាមកម្លាំងជំនាញបានពិនិត្យជាក់ស្តែងនិងកន្លែងកើតហេតុ អាចក្មេងលើកគ្រាប់ផ្អែកនឹងដើមឈើហើយសួរ ហើយក៏ទម្លាក់ចុះវិញ បណ្ដាលឱ្យផ្ទុះតែម្ដង។ សមត្ថកិច្ចបានសន្និដ្ឋានថា គ្រាប់ដែលផ្ទុះនោះជាប្រភេទគ្រាប់B41 (បេសែមួយ)។

ចំពោះជនរងគ្រោះទាំង២រងរបួសស្រាលបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីពេទ្យបង្អែកខេត្ត ។ សាកសពទាំង៤នាក់នេះ កម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សូរិយា


ចែករំលែក៖