ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការចោទប្រកាន់ជនសង្ស័យករណី ជួញដូរ និងរក្សាទុកគ្រឿងញៀនចំនួន ១២១ដុំ (ទម្ងន់សុទ្ធ ១២០,៦៨ គីឡូក្រាម)

ចែករំលែក៖

ខេត្តសៀមរាប ៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការចោទប្រកាន់ជនសង្ស័យ ករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ចំនួន១២១ដុំ ដែលមានទម្ងន់ប្រមាណ១២០គីឡូក្រាម ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកពាក្យអយ្យការអម សាលាដំបូងខេត្តសៀមរាបស្តីពី ការចោទប្រកាន់ជនសង្ស័យករណី ជួញដូរ និងរក្សាទុកគ្រឿងញៀនចំនួន ១២១ដុំ (ទម្ងន់សុទ្ធ ១២០,៦៨ គីឡូក្រាម)

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណៈ ជនជ្រាបថា៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បាន ទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៩ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និង សម្អាតប្រាក់ ពីការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានឃាត់ ខ្លួនជនសង្ស័យបានចំនួន ០១នាក់ និងដកហូតវត្ថុតាងរួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១២១ដុំ ទម្ងន់សរុប ១២០,៦៨ (មួយរយម្ភៃក្បៀសហុកសិបប្រាំបី) គីឡូក្រាម កាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាកGLOCK និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

បន្ទាប់ពីបានធ្វើការពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យជនជាតិខ្មែរចំនួន ៦នាក់ និងជនជាតិឡាវចំនួន ១នាក់ សរុបចំនួន ១១នាក់ (ឃាត់ខ្លួន ០១ នាក់ គេចខ្លួន១០នាក់) និងបក្សពួក ពីបទ កាន់កាប់អាវុធដោយ គ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និង បទល្មើសសម្អាតប្រាក់ ប្រព្រឹត្តនៅភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បទ ល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញ ប្បទានភេរវកម្ម តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៩៣៦ អយធ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្ត តាមនីតិវីធី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖