ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំប្រជុំស្តីពី ការចុះគាំទ្រសាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ នៅសាលាបឋមសិក្សា និងសាលាមធ្យមសិក្សាចំណេះទូទៅ

ចែករំលែក៖

ភ្នំពេញ៖ នារសៀល ថ្ងៃទី២៤ ខែមេសា ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា បានដឹកនាំកិច្ចប្រជុំស្ដីពី ការចុះគាំទ្រសាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ នៅសាលាបឋមសិក្សា និងសាលាមធ្យមសិក្សាចំណេះទូទៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សាស្ត្រាចារ្យ នាយកសាលារៀនជំនាន់ថ្មី លោក លោកស្រី មន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សរុប៣៩ នាក់ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមរបៀបវារៈ ដូចជា (១). មតិសំណេះសំណាលបើកកិច្ចប្រជុំដោយបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី (២).របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី និងសាលារៀន គំរូ ដោយនាយកដា្ឋនគោលនយោបាយ នាយកដ្ឋានបឋមសិក្សា និងនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ (៣). កិច្ចពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹង និងពង្រីកការអនុវត្ត និង (៤). ប្រសាសន៍បូកសរុបដោយ បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្រ្តី។

គោលបំណង នៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការគាំទ្រការអនុវត្តសាលារៀនជំនាន់ថ្មី និងពិនិត្យមើលវឌ្ឍនភាពនៃការគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូ នៅកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា និងលើកទិសដៅអនុវត្តការងារបន្ត។ 

ដើម្បីជំរុញដំណើរការចុះគាំទ្រសាលារៀនជំនាន់ថ្មី និងអនុវត្តស្តង់ដាសាលារៀនគំរូឱ្យកាន់តែប្រសើរឡើងលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ឱ្យគ្រប់អង្គភាព និងមន្ត្រីពាក់ព័ន្ធទាំងអស់ ផ្តោតការយកចិត្តទុកដាក់ និងមានភាពបុរេសកម្ម ចំពោះការអនុវត្តការងារសាលារៀនជំនាន់ថ្មី ដោយត្រូវមានផែនការ និងកម្មវិធីច្បាស់លាស់ ព្រោះការវិនិយោគនេះមានតម្លៃខ្ពស់ ហើយអង្គភាពពាក់ព័ន្ធត្រូវធ្វើការរួមគ្នា ដើម្បីសម្រេចគោលដៅរួម ស្តង់ដាសាលារៀនគំរូ ដោយប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព ដូចជា ការអនុវត្តម៉ោងសិក្សា ការប្រើប្រាស់គ្រូបង្រៀន ការកៀរគរធនធានសិក្សា (សៀវភៅលំហាត់បន្ថែម, វីដេអូបង្រៀន) ការបង្កលក្ខណៈឱ្យសិស្សមានលទ្ធភាពនៅសាលារៀនឱ្យបានកាន់តែច្រើន ដើម្បីរៀនសូត្រ និង ការអប់រំចរិយាធម៌ជាដើម និងត្រូវមានរបបប្រជុំត្រួតពិនិត្យជាប្រចាំនៅគ្រប់រចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីជួយគាំទ្រកែលម្អ និងធានាបានការសម្រេចគោលដៅជាដំណាក់ៗ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នសាលារៀនជំនាន់ថ្មីមានចំនួន ១៣ (កម្រិតវិទ្យាល័យ ៨ និងកម្រិតបឋមសិក្សា ៥) ហើយក្នុងឆ្នាំ២០២៤ ក្រសួងបានជ្រើសរើសសាលារៀនគោលដៅដើម្បីដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូចំនួន ៧៩៣ រួមមាន សាលាមត្តេយ្យសិក្សា ៩៦ សាលាបឋម សិក្សា ៣៤៨ និងសាលាមធ្យមសិក្សា ៣៤៩ និងក្នុងសន្និបាតអប់រំ ឆ្នាំ២០២៤ កន្លងទៅនេះ បានប្រកាសទទួលស្គាល់សាលារៀនគំរូចំនួន ១២០ (សាលាមត្តេយ្យសិក្សា ១០ សាលាបឋមសិក្សា ៤០ អនុវិទ្យាល័យ ១៥ និងវិទ្យាល័យ ៥៥)៕

ដោយ៖ សូរិយា


ចែករំលែក៖