ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតយុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍សាធារណជន គួរតែមានការថ្លឹងថ្លែងដើម្បីកុំឱ្យប៉ះពាល់ដល់វប្បធម៌ជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការបង្កើតយុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍ពីសាធារណជន គួរមានការថ្លឹងថ្លែងនិងពិចារណាជាមុនពីផលប៉ះពាល់ដល់វប្បធម៌ប្រពៃណីនិងសីលធម៌សង្គម ដោយពុំគួរប្រើប្រាស់ជំហរអត្តនោម័ត ឬជំហរចង់ល្បីភ្លាមៗដោយអាចប៉ះពាល់ដល់បុគ្គលផង ដល់តម្លៃជាតិផងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿថា គ្រប់សិល្បករ សិល្បការនីសុទ្ធតែមានការទទួលខុសត្រូវខ្ពស់ជាមួយនឹងការទទួលស្គាល់ការកែប្រែនូវរាល់កំហុសខុសឆ្គងចេតនា និងអចេតនា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី «ពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី» នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួវវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានពង្រឹងតួនាទីគន្លឹះរបស់សិល្បករ សិល្បការិនី គ្រប់ទម្រង់ ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាខ្មែរ ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ។

សម្តេចធិបតីថ្លែងថា ៖ សិល្បករ សិល្បការិនីខ្មែរជាច្រើនរាប់មិនអស់នៅគ្រប់ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ រហូតជីវិតរបស់ខ្លួន ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់។ សម្ដេចបញ្ជាក់ថា ៖ សិល្បករ សិល្បការិនីខ្មែរ តាមរយៈស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នា ទៅវិញទៅមកផងដែរ។

ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រងជាសមាគម ឬចូលជាសមាជិក សមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នាក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរ។ សម្តេចធិបតីបញ្ជាក់ថា ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ សិល្បការិនី គឺជាគំរូ ជាតួអង្គដែលមានឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្ដែងដោយផ្ទាល់ ឬមិនផ្ទាល់៕

ដោយ ៖ សិលា


ចែករំលែក៖