ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូកម្ពុជា-ថៃ ចុះពិនិត្យសមិទ្ធផលគម្រោងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ប៉ែកខាងកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គណៈប្រតិភូកម្ពុជា-ថៃ ចុះពិនិត្យសមិទ្ធផលគម្រោងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន  ប៉ែកខាងកម្ពុជា ក្រោយដាក់ដំណើការបណ្តោះអាសន្ន និងការធ្វើសន្និសីទសារព័ត៌មានរួមគ្នា អំពីសមិទ្ធផលនានារបស់គម្រោង ។ 

សូមបញ្ជាក់ថា ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យសមិទ្ធផលគម្រោងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ប៉ែកខាងកម្ពុជា និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ក្រោយដាក់ដំណើការបណ្តោះអាសន្ន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃព្រះរាជាណាចក្រថៃ (NEDA) ដែលដឹកនាំដោយ ឯកឧត្តម Perames Vudthitornetiraks ប្រធានស្ថាប័ន NEDA។

ស្ថិតក្នុងឱកាសនោះដែរមានការចូលរួមពីសំណាក់តំណាងស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងភ្នាក់ងារសារព័ត៌មានជាច្រើនរូបផងដែរ។

សូមបញ្ជាក់ជូនថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ចប់ការ សាងសង់ នៅក្នុងខែសីហា ឆ្នាំ២០២៣។ ក្នុងនោះដែររាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិតខាង (NEDA) នៃព្រះរាជាណាចក្រថៃ នូវទំហំទឹកប្រាក់ចំនួនប្រមាណ ២៦,៤២លានដុល្លារអាមេរិក ដើម្បីសាងសង់ ១- អគារ ច្រកត្រួតពិនិត្យ ព្រំដែន និងផ្លូវ ២- សំណង់អគារអន្តេវាសិកដ្ឋាន ៣- ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានផ្ទុកកុងតែន័រ” ៤- ការជួសជុលកែលម្អផ្លូវចាស់ និង ៥- សំណង់កាត់បន្ថយគ្រោះទឹកជំនន់។ 

សំណង់អគារ ច្រកទ្វារអន្តរជាតិ ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។ សមិទ្ធផល អគារច្រកទ្វារ អន្តរជាតិថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការជួយសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ គាំទ្រដល់ការពង្រីកពាណិជ្ជកម្ម និងធ្វើឱ្យប្រសើរនូវប្រព័ន្ធដឹកជញ្ជូន ព្រមទាំងអាចដោះស្រាយបញ្ជៀសចំនួនចរាចរណ៍ដឹកជញ្ជូនប្រចាំថៃ្ងរហូតដល់ ៦០០គ្រឿងក្នុងមួយថ្ងៃ កាត់បន្ថយការកក់ស្ទះចរាចរណ៍ និងធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនទំនិញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។ 

បច្ចុប្បន្ន អគារច្រកទ្វារអន្តរជាតិថ្មីនេះ បានបើកដំណើរការជាបណ្តោះអាសន្ន ចាប់ពីចុង ឆ្នាំ២០២៣ កន្លងមក និងមានរថយន្តឆ្លងកាត់ជាមធ្យមចំនួន ១៥០ ទៅ ២០០គ្រឿង ក្នុងមួយថ្ងៃ៕

ដោយ ៖ សិលា


ចែករំលែក៖