ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សប្បុរសជននានា សូមរួមកម្លាំងគ្នា រួមសាមគ្គីគ្នាកសាងព្រែកជីកហ្វូណនតេជោឱ្យខាងតែបាន

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា  អំពាវនាវដល់សប្បុរសជននានា  សូមរួមកម្លាំងគ្នា រួមសាមគ្គីគ្នាកសាងព្រែកជីកហ្វូណនតេជោឱ្យខាងតែបាន។ សម្ដេចតេជោបញ្ជាក់បន្ថែមថា សម្ដេចឈរនៅជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល និងជួយកៀរគរថវិកាដើម្បីជួយរាជរដ្ឋាភិបាល ដើម្បីធ្វើព្រែកជីកហ្វូណនតេជោនេះឱ្យខាងតែបាន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថាកម្ពុជាមិនចចារជាមួយវៀតណាមដាច់ខាតរឿងព្រែកជីកហ្វូណនតេជោ ព្រោះគ្រប់យ៉ាងកម្ពុជាសង់លើដីកម្ពុជា និងកម្ពុជាបានជូនដំណឹងទៅកាន់គណៈកម្មការទន្លេមេគង្គរួចហើយ។ 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា  មានប្រសាសន៍បញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ដូចជា៖

១. ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេ

២. ជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុងប្រឈមនឹងការខ្វះខាតទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

៣. ជាប្រព័ន្ធជួយដល់ការរំដោះជំនន់នៅតំបន់ទិសនិរតី។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា មានប្រសាសន៍បែបនេះ ខណៈសម្តេចអញ្ជើញជាអធិបតីពិធីបិទសន្និបាតលើកទី១ និងពិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤៕ 

ដោយ ៖ សិលា


ចែករំលែក៖