ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សនយោបាយជាច្រើនប្រកាសគាំទ្រពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៤នេះគណបក្សនយោបាយនានា បានចេញសេចក្តីថ្លែង ការណ៍ដាច់ដោយឡែកពីគ្នា ប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» ដោយពួកគេមើលឃើញថាគម្រោងព្រែកជីកមួយនេះ នឹងមាន វិសាលភាពធំធេង និងមានប្រយោជន៍យ៉ាងខ្លាំងដល់ប្រទេសកម្ពុជា និងប្រកាសប្រឆាំង ដាច់ខាតចំពោះក្រុមអ្នកញុះញង់ និងរារាំងចំពោះគម្រោងមួយនេះផងដែរ។

សេចក្តីថ្លែងការណ៍គណបក្សនយោបាយនានាដែលចេញជាបន្តបន្ទាប់នាថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៤នេះ បានលើកឡើងថា «សូមសម្តែងការគាំទ្រទាំងស្រុង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងព្រែកជីក ហ្វូណនតេជោ ដែលតភ្ជាប់ពីទន្លេបាសាក់រាជធានីភ្នំពេញឆ្ពោះទៅខេត្តកែប ក្នុងអធិបតេយ្យភាពនៃព្រះរា ជាណាចក្រកម្ពុជា»។បណ្តាគណបក្សទាំងនោះបានលើកឡើងទៀតថា« មើលឃើញថា ព្រែកជីកហ្វូណន តេជោ ជាគោលដៅសំខាន់ដើម្បីសេដ្ឋកិច្ច និងជីវភាពសង្គមរបស់ប្រជាជនកម្ពុជា ជាការអភិវឌ្ឍនវិស័យ គមនាគមន៍ដឹកជញ្ជូន និងពាណិជ្ជកម្ម ក្របខណ្ឌជាតិ និងអន្តរជាតិរបស់កម្ពុជា»។

ការប្រកាសគាំទ្ររបស់របស់បណ្តាគណបក្សនយោបាយនានានៅកម្ពុជានេះ គឺបានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសមិនរាថយចំពោះការធ្វើនូវព្រែកជីក ហ្វូណនតេជោ ហើយសុខចិត្តយកជីវិតមកដាក់ចំពោះគម្រោងនេះ បើទោះបីជាមានការប្រឆាំងពីប្រទេសជិតខាង និងក្រុមជនអគតិមួយក្តាប់តូចយ៉ាងណាក៏ដោយនោះ។

ក្នុងឱកាសអញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច បានបញ្ចេញសម្តែករាជសី ដោយបានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។

សូមរំលឹកថាគម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹក ជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវ ថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា កាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លង កាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជ កម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង៕

ដោយ៖ សូរិយា


ចែករំលែក៖