ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញគ្រឿងជ័យដាច់ធ្លាក់រានដែកខាងក្រោយកកិតនឹងថ្នល់បែកផ្កាភ្លើង បង្កឱ្យឆេះដល់គ្រឿងជ័រ ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយពន្លត់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកទំនិញគ្រឿងជ័យ កែវ ចានស្នោ ខ្វះការប្រុងប្រយ័ត្នកំពុងបើកបរស្រាប់តែដាច់ធ្លាក់រានដែកខាងក្រោយកកិតនឹងថ្នល់បែកផ្កាភ្លើងបង្កឱ្យឆេះដល់គ្រឿងជ័រផ្អើលប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តមួយគ្រឿងដែលឆេះម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-4311 ដឹកអីវ៉ាន់គ្រឿងកែវជ័រ ប្លាស្ទិល ចានស្នោ ហើយរថយន្តមាន តរានដែកពីក្រោយដើម្បីដឹកអីវ៉ាន់ឱ្យបានច្រើន ។

បើតាមសម្តីអ្នកបើកបររថយន្តបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តគាត់បានដឹកកែវជ័រ ចានស្នោចេញពីរោងចក្រផលិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ គោលបំណងយកទៅខេត្តកំពង់ធំ ដោយបើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង មិនដឹងថាដាច់ធ្លាក់រានដែកខាងក្រោយពីពេលណា ធ្វើឱ្យកកិតនឹងថ្នល់ បង្កឱ្យបែកផ្លាភ្លើង ឆេះគ្រឿងជ័រ ទើបបើកមកដល់ចំណុចកើតហេតុ បានអ្នកជិះម៉ូតូតាមផ្លូវស្រែកប្រាប់ទើបឈប់រថយន្ត ផ្អើលឆោឡោ នាំគ្នាពន្លត់ភ្លាមៗ ។

នៅក្នុងហេតុការណ៍នេះដែរបង្កឱ្យខូចខាតអីវ៉ាន់គ្រឿងជ័របន្តិចបន្តួច តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ហើយអ្នកបើករថយន្តស្រាយកេសអីវ៉ាន់ដាក់ចុះ ពិនិត្យឡើងវិញ រួចលើកដាក់រៀបសាថ្មី ដើម្បីបន្តដំណើរទៅទៀត ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖