ព័ត៌មានទាន់ហេតុការណ៍៖

ចុះត្រួតពិនិត្យ​កប៉ាល់​ដឹកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា​ ដើម្បីធានាសុវត្ថិភាពបច្ចេកទេសការពារសន្តិសុខ និងសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដើម្បីធានាសុវត្ថិភាពបច្ចេកទេសការពារសន្តិសុខ និងសុវត្ថិភាព ជូន​ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា​ នៅក្នុងមូលដ្ឋានខេត្ត​ព្រះសីហនុ​ កម្លាំងនគរបាល​ចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរណ៍​ ដែលកំពុង​ធ្វើ​អាជីវកម្ម​។ 

ជាក់ស្ដែង​នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ចុះត្រួតពិនិត្យ ជលយានយន្តធ្វើអាជីវកម្ម ដើម្បីធានាសុវត្ថិភាពបច្ចេកទេសជលយានយន្ត និងការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា។ 

ជាមួយគ្នានេះ​ ក្រុម​ការងារ​ផ្លូវ​ជាតិ​ នៃ​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ នៅថ្ងៃទី​២៧​ មេសា​នេះ​ដែរក៏បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ​ និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ នៅ​លេីផ្លូវជាតិលេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ២១៩-២២០​ ស្ថិតក្នុងភូមិ​១​ សង្កាត់លេខ​១​ ក្រុង​-ខេត្ត​ព្រះសីហនុ​។ 

គួរបញ្ជាក់ថា​ នាពេលរាត្រី​លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរ នឹងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកសុវត្តិភាព ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ។ ចំណែក​កម្លាំងនគរបាលទេសចរណ៍ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ប្រចាំការល្បាត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តតាមឆ្នេរផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖