ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ប្រភពដដែលបន្តថា ជាក់ស្ដែងក្នុងប្រតិបត្តិការនោះជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះកាលពីថ្ងៃទី២៦ ខែមេសាម្សិលមិញ បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន៣៥៥នាក់ (ផ្តល់ឡើងវិញ ចំនួន២៧១នាក់ និងផ្តល់ថ្មីចំនួន៨៤នាក់),សៀវភៅស្នាក់នៅថ្មី ១៤គ្រូសារ, ទុតិយតាសៀវភៅស្នាក់នៅ ៦៨គ្រួសារ,សៀវភៅគ្រួសារថ្មី ៣២គ្រួសារ,ទុតិយតាសៀវភៅគ្រួសារ ១៧គ្រួសារ។
ជាមួយគ្នានេះ ដោយអនុវត្តតាមផែនការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់នៃអធិការដ្ឋានគរបាលខណ្ឌទាំង១៤ ក៏បានចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស នៅតាមសាលាបឋមសិក្សាក្នុងរាជធានីភ្នំពេញ។
ដោយឡែកកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានចុះសម្រួលចរាចរណ៍ និងជួយចម្លងសិស្សានុសិស្សនៅតាមសាលារៀន ដេីម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារផងដែរ៕
ដោយ៖ តារា