ភ្នំពេញ៖ ក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia ជាក្រុមហ៊ុន របស់អ្នកឧកញ៉ា គិត ម៉េង បញ្ជាទិញពីប្រទេសជប៉ុន បានដឹកជញ្ជូនតាមកប៉ាល់មកដល់កំពង់ផែព្រះសីហនុប្រទេសកម្ពុជា ហើយ នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤នេះ។
សូមជម្រាបថា ក្បាលរថភ្លើងដឹកអ្នកដំណើរល្បឿនលឿន ម៉ាក KiHa 183 Series DMUចំនួន ១១ គ្រឿងនេះ នឹងត្រូវដឹកជញ្ជូនពីតំបន់ហុកកៃដូ មកកាន់ប្រទេសកម្ពុជា ដោយបានចាកចេញពីកំពង់ផែ Hakodate នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ ចំពោះក្បាលរថភ្លើងល្បឿនលឿនរបស់ជប៉ុននេះ ម៉ាក KiHa 183 Series DMU វាអាចរត់បានល្បឿនដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។
បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីកន្លងទៅថ្មីៗនេះ បានសិក្សាគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅកម្ពុជា។
ក្រសួងសាធារណការ គម្រោងផ្លូវរថភ្លើងល្បឿនលឿន មានប្រវែង ៣៨២គីឡូម៉ែត្រ ដែលត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះមានរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ ដែលប្រើរយៈពេលសាងសង់ចំនួន ៤ឆ្នាំ។
ផ្លូវនេះ មានខ្នាតទទឹងប្រវែង ១.៤៣៥មីលីម៉ែត្រ ហើយល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ ក្នុងនោះមានស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្លូវដែកចំនួនពីរខ្សែរ គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ខេត្តព្រះសីហនុ។ បណ្តាញផ្លូវដែកនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនRoyal Railway ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group។រដ្ឋាភិបាលគ្រោងនឹងកែលម្អផ្លូវដែកដែលមានស្រាប់ទៅជាផ្លូវរថភ្លើងល្បឿនលឿន៕
ដោយ៖ តារា