ខេត្តក្រចេះ ៖ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ត្រូវបានគេសង្គ្រោះទៅមន្ទីរពេទ្យក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯងជាច្រើនត្រឡប់បានរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង១២និង២៥នាទីយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤ ស្ថិតលើផ្លូវជាតិលេខ ៣៧៧.A (ក្រចេះ-ខ្លាស្ទុះ) ចំណុចមុខវិមានសព ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី២ ក្រុងក្រចេះ ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលរងគ្រោះថ្នាក់ចរាចរណ៍ខាងលើ ឈ្មោះ តែម សុឃាន ភេទប្រុស អាយុប្រហែល៤៤ឆ្នាំ រងរបួសស្រាលបើកបររថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2H.8587 ។
ប្រភពបន្តថាមុនពេលកើតហេតុរថយន្តខាងលើបានបើកបរក្នុងទិសខាងកើតទៅលិចមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតធ្លាក់ចេញពីផ្លូវបណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ហើយក៏ជ្រុលទៅបុកបង្គោលភ្លើង១ដើម បណ្ដាលឱ្យដាច់ចរន្តអគ្គិសនីទាំងយប់នៅតំបន់នោះ និងបង្កការខូចខាតរបងថ្មប្រវែងប្រហែល១០ម៉ែត្រផងដែរ។ក្រោយកើតហេតុមន្ត្រីកងរាជអាវុធហត្ថក្រុងក្រចេះបានទៅដល់ចំណុចកើតហេតុបានជួយអន្តរាគមន៍។
ជនរងគ្រោះក្នុងហេតុការណ៍ខាងលើបានរងរបួសស្រាលក្នុងស្ថានភាពអាការៈស្រវឹង។
ជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះភ្លាមៗ ចំណែករថយន្តមន្ត្រីជំនាញស្ទូចយកទៅរក្សាទុកនៅអធិការនគរបាលក្រុងក្រចេះ ជាបណ្ដោះអាសន្ន៕
ដោយ ៖ ជីវន្ត