ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តនៅផ្លូវបំបែកជាបួនបណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត Ford Ranger នៅផ្លូវបំបេកជាបួនយ៉ាងពេញទំហឹងប៉ើងបោកផ្ទប់នឹងកញ្ចក់រថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៩ខែមេសាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥កែងផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន។

សពមានឈ្មោះបុណ្យ ភារុណ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរលក់គ្រឿងអគ្គិសនីបច្ចុប្បន្នរស់នៅបន្ទប់ជួលម្តុំផ្សារថ្មីក្នុងខណ្ឌដូនពេញ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AP-9119បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត បើករថយន្តតាមបណ្តោយផ្លូវលេខ១០៥ក្នុងទិសដៅពីត្បូងមកជើង រួចឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ខណៈឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូម៉ាកហុងដា Clickមួយគ្រឿង ពណ៌សលាយក្រហមពាក់ស្លាកលេខ ភ្នំពេញ1JB-2773 ជិះដោយបុរសរងគ្រោះម្នាក់ឯង ធ្វើដំណើរចេញពីផ្លូវលេខ៤៣២ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្តពីចំហៀងខាងឆ្វេងផ្នែកខាងមុខយ៉ាងពេញទំហឹងបោកក្បាលផ្ទប់នឹងកញ្ចក់រថយន្តបណ្តាលឱ្យបុរសម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះរថយន្តមិនព្រមឈុប់ទេ បានបន្តល្បឿនបើករត់ទៅមុខទម្លាក់នារីដែលជាអ្នករួមដំណើរជាមួយចូលទៅក្នុងផ្ទះ ចំណែកបុរសជាអ្នកបើករថយន្តត្រូវបានប្រជាពលរដ្ឋតាមឃាត់បានប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋានសង្កាត់បឹងត្របែកយកទៅសួរនាំបន្ត។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖