ព័ត៌មានទាន់ហេតុការណ៍៖

សីតុណ្ហភាពខ្ពស់បំផុតប្រចាំខែមេសា គឺជិត៥០អង្សាសេ នៅប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

ប្រទេសមីយ៉ាន់ម៉ាកំពុងតែក្តៅ ដោយសារតែសង្គ្រាមវាយប្រហារ រវាងទាហានរដ្ឋាភិបាលនឹងកម្លាំងក្រុមជនជាតិភាគតិច នៅជិតព្រំដែនប្រទេសថៃ។ ក្នុងពេលជាមួយគ្នានេះអាកាសធាតុនៅក្នុងប្រទេសនេះកាន់តែក្តៅខ្លាំងមិនធ្លាប់មាន បង្កផលលំបាកយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤បានផ្សាយថា អាជ្ញាធរមីយ៉ាន់ម៉ាបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសមីយ៉ាន់ម៉ាបានកត់ត្រាសីតុណ្ហភាពក្តៅបំផុតប្រចាំខែមេសា គឺរហូតដល់៤៨.២អង្សាសេ ចំពោះមុខការវាយលុកពីរលកកម្តៅ។
ទីភ្នាក់ងារឧតុនិយមមីយ៉ាន់ម៉ា បានរាយការណ៍ឱ្យដឹងថា សីតុណ្ហភាពបានកើនដល់៤៨.២អង្សាសេ នៅក្រុង Chauk នៃតំបន់ Magway ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ វាគឺជាសីតុណ្ហភាពខ្ពស់បំផុតប្រចាំក្នុងខែមេសា ដែលពីមុនមកមិនធ្លាប់ត្រូវបានកត់ត្រានៅប្រទេសមីយ៉ាន់ម៉ាឡើយ ចាប់តាំងពីការធ្វើកំណត់ត្រាបានចាប់ផ្តើម កាលពី៥៦ឆ្នាំមុន។ ក្នុងថ្ងៃដដែលនេះ សីតុណ្ហភាពនៅទីក្រុង Yangon ស្ថិតក្នុងកម្រិត៤០អង្សាសេ ហើយនៅទីក្រុង Mandalay ៤៤អង្សាសេ។
សីតុណ្ហភាពសកល បានកើនឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មី កាលពីឆ្នាំ២០២៣ ហើយអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិបានព្រមានថា នៅតំបន់អាស៉ីជាពិសេស កំពុងទទួលរងការកើនឡើងកម្តៅយ៉ាងឆាប់រហ័ស ដោយឥទ្ធិពលនៃរលកកម្តៅនៅក្នុងតំបន់នេះ កាន់តែមានសភាពធ្ងន់ធ្ងរឡើង។ របាយការណ៍ស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការប្រែប្រួលអាកាសធាតុពិភពលោក ជាកត្តាដែលជំរុញឱ្យរលកកម្តៅកាន់តែមានរយៈពេលយូរ កាន់តែញឹកញាប់ និងកាន់តែមានឥទ្ធិពល។ ក្រៅពីមីយ៉ាន់ម៉ា ប្រទេសក្នុងតំបន់ដទៃទៀត ដូចជាហ្វីលីពីន និងថៃជាដើមក៏កំពុងជួបប្រទះការកើនឡើងសីតុណ្ហភាពខ្ពស់ផងដែរ៕

ដោយ៖ ធីរីណា


ចែករំលែក៖