ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទទទួលជួបតំណាងក្រសួងមហាផ្ទៃដើម្បីសួរសុខទុក្ខនិងចូលរួមរំលែកមរណទុក្ខចំពោះយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបឯកឧត្ដម នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមរំលែកមរណទុក្ខជាមួយក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ចំពោះការពលីជីវិតរបស់យោធិននៃកងយោធពលខេមរភូមិន្ទទាំង២០នាក់ និងពាំនាំថវិការបស់ក្រសួងមហាផ្ទៃ សម្រាប់ឧបត្ថម្ភគ្រួសារយោធិនរងគ្រោះដោយឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុង១សព ចំនួន ៤លានរៀល សរុបថវិកាចំនួន ៨០លានរៀល។ 

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំង និងមន្ត្រីទាំងអស់នៃក្រសួងមហាផ្ទៃ សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងក្រុមគ្រួសារយោធិនពលី ចំពោះការបាត់បង់នាយទាហាន នាយ ទាហានរង និងពលទាហានឆ្នើម ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនពលីទាំង២០នាក់ សូមឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ 

ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងក្រុមគ្រួសារសពយោធិនទាំង២០នាក់ និងក្នុងនាមខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ប្រតិភូដើម្បីចូលរួមរំលែកមរណទុក្ខ និងពាំនាំថវិកាសម្រាប់ឧបត្ថម្ភគ្រួសារសពយោធិនពលីដោយឧបទ្ទវហេតុផ្ទុះគ្រាប់។ យើងខ្ញុំ សូមជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត និងប្រតិភូ ព្រមទាំងមន្ត្រីទាំងអស់នៃក្រសួងមហាផ្ទៃ សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖