ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោត បានសម្រេចជ្រើសរើសបេក្ខភាពផ្លូវការចំនួន ៣រូបប៉ុណ្ណោះ ដែលទទួលបានសិទ្ធិពេញលេញក្នុងឈរឈ្មោះដើម្បីបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី។
បេក្ខភាព៣រូបនោះ រួមមាន លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ។
បេក្ខភាពទាំង៣រូបនេះ នឹងត្រូវអង្គបោះឆ្នោតដែលជាអ្នកសិល្បៈជាច្រើនរូប បោះឆ្នោតជ្រើសរើសជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។ ការដែលគណៈកម្មការរៀបចំការបោះឆ្នោតបានសម្រេចជ្រើសរើសបេក្ខជនទាំង៣រូបនេះ ក្រោយពីបានបំពេញគ្រប់លក្ខខណ្ឌត្រឹមត្រូវ។
សូមបញ្ជាក់ថា យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគម មានអាណត្តិ៥ឆ្នាំម្តង។
សូមជម្រាបថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម។
សូមរម្លឹកថា ៖ សម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសគាំទ្រលោកស្រី ម៉ៅ ចំណាន ជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ បន្ទាប់ពី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បករខ្មែរ។
ការប្រកាសចូលរួមជាបេក្ខភាពបោះឆ្នោតប្រធានសមាគមសិល្បករខ្មែររបស់លោកស្រី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រកាសគាំទ្របេក្ខភាពលោកស្រីហើយសម្តេចបានដាក់ក្តីរំពឹងទុកថា សមាគមនេះនឹងមិនមានការលំបាកផ្នែកថវិកានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលើបណ្តាញសង្គមផ្លូវការយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះ
បេក្ខភាពលោកជំទាវម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ»។
លោកស្រីអ្នកឧកញ៉ាគឺជាអតីតសិល្បៈមួយរូបក្នុងចំណោមសិល្បករល្បីៗនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនកាលពី ១០ឆ្នាំជាងមុន។ តែទោះជាយ៉ាងណា លោកស្រីបានរលាស់ខ្លួនចេញពីពិភពសិល្បៈជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នលោកស្រីជានាយិការងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប៕
ដោយ ៖ សិលា