សារព័ត៌មាន Reuters នៅថ្ងៃទី ៣០ ខែមេសាបានផ្សាយថា ភ្នំភ្លើង Ruang របស់ឥណ្ឌូណេស៊ីនៅលើកោះ Sulawesi បានផ្ទុះសាជាថ្មីនៅថ្ងៃអង្គារ ទី៣០ ខែមេសានេះដោយបញ្ចេញផេះ និងកម្អែភ្នំភ្លើង បន្ទាប់ពីការផ្ទុះកាលពីដើមខែមេសានេះបានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់រយនាក់ និងការបិទអាកាសយានដ្ឋានមួយផងដែរ។
ទីភ្នាក់ងារតាមដានសកម្មភាពភ្នំភ្លើងរបស់ឥណ្ឌូណេស៊ីបានដំឡើងការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ជាមួយការជំរុញឱ្យប្រជាជនកុំចូលទៅក្បែរភ្នំភ្លើង Ruangដែលស្ថិតនៅក្នុងខេត្ត North Sulawesi និងមានមនុស្សជាង ៨០០នាក់រស់នៅក្បែរភ្នំភ្លើងមួយនេះ ហើយភាគច្រើននៃអ្នកទាំងនេះត្រូវបានជម្លៀសអំឡុងការផ្ទុះភ្នំភ្លើងកាលពីដើមខែមេសា។ តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីការជម្លៀសមនុស្សបន្ថែមទៀតនោះទេ។
រូបភាពជាច្រើនសន្លឹកបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃអង្គារ ទី៣០ ខែមេសានេះ បានបង្ហាញពីកម្អែភ្នំភ្លើងហូរចេញពីភ្នំភ្លើង Ruang ដែលស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រពីរដ្ឋធានី Manado នៃខេត្ត North Sulawesi៕ ដោយ៖ ធីរីណា
រូបថត៖ AFP