ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង០២និង ៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខខ្លោងទ្វារវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ១-ឈ្មោះ សូ សុភស្ស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរនិងប្រើប្រាស់), ២-ឈ្មោះ សែត រ៉ាមបូរ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នរស់នៅភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់) ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ៣,១៨ក្រាម, ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន០២គ្រឿង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រក្រុងដល់ចំណុចកេីតហេតុកម្លាំងបានប្រទះឃើញជនសង្ស័យចំនួន០២នាក់អង្គុយលើម៉ូតូគួរឱ្យសង្ស័យ ក៏បានហៅមកសួរនាំ ព្រមទាំងធ្វើការឆែកឆេរលើខ្លួនជនសង្ស័យទាំងពីរនាក់រកឃើញមានគ្រឿងញៀនក៏ធ្វើការឃាត់ខ្លួនភ្លាមៗនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផងនិងប្រើប្រាស់ខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ វណ្ណា