ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការថែរក្សាសុខភាពនិងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងនៅតាមគ្រឹះស្ថានសិក្សា
ការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យមានការឡើងកម្ដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។ ដើម្បីថែរក្សាសុខភាពនិងបង្ការជំងឺនានាអំឡុងពេលអាកាសធាតុ ក្តៅខ្លាំងនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំ ដល់បុគ្គលិកអប់រំនិងអ្នកសិក្សានៅគ្រប់ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នូវវិធានការដូចខាងក្រោម៖
១-ប្រការគួរអនុវត្តជាប្រចាំសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្សត្រូវទទួលទាន ទឹកដាំពុះដោយទុកឱ្យត្រជាក់ (ចៀសវាងញ៉ាំទឹកក្តៅ) ទឹកបរិសុទ្ធ ទឹកចម្រុះ ទឹកស្អាត ឱ្យបានច្រើននិងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃចំពោះមនុស្សពេញវ័យ ទោះបីជាអ្នកមិនមាន អារម្មណ៍ស្រេកទឹកក៏ដោយ ពិសេសត្រូវតាមដានទឹកនោមដោយមិនត្រូវបណ្តោយឱ្យទឹកនោមឡើង ពណ៌លឿងចាស់នោះទេត្រូវទទួលទានបន្លែ ផ្លែឈើដែលសម្បូរជាតិសរសៃនិងជាតិទឹកឱ្យបានញឹកញាប់ត្រូវស្លៀកសម្លៀកបំពាក់ការពារកម្ដៅនិងការពារការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជាសម្លៀក បំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពាក់មួកដែលមានគែមធំទូលាយ ឬប្រើ ឆ័ត្រជារបាំងការពារកម្ដៅថ្ងៃពេលចេញក្រៅ ឬពេលធ្វើដំណើរ និងផ្លាស់ប្តូរសម្លៀកបំពាក់ប្រសិន បើវាសើមខ្លាំង ត្រូវប្រកាន់ខ្ជាប់នូវក្បួនអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាតជាប់ជាប្រចាំ
ប្រើកន្សែងសើមជូតមុខ ដាក់ព័ទ្ធជុំវិញក ប្រសិនបើមានអារម្មណ៍ថាក្តៅខ្លាំងពេក ហើយអំឡុងពេល មានកម្ដៅខ្លាំងត្រូវប្រើមធ្យោបាយផ្សេងៗដើម្បីបន្ថយកម្ដៅដូចជាផ្លិតជាដើមត្រូវតាមដានព័ត៌មានអំពីអាកាសធាតុ ដើម្បីរៀបចំសកម្មភាពប្រចាំថ្ងៃឱ្យបានត្រឹមត្រូវសម្របទៅនឹង ការប្រែប្រួលអាកាសធាតុត្រូវរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងគ្របឱ្យជិត ដើម្បីបង្ការមូសខ្លាពងដាក់ដែលអាចបង្កជំងឺ គ្រុនឈាមតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ៖
• ប្រសិនបើមានរោគសញ្ញាដូចជាវិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល មាត់ស្ងួត រមូលសាច់ដុំ ជារោគ សញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ត្រូវសម្រាកពី២ ទៅ៥ នាទី ហើយពិសាទឹកត្រជាក់យឺតៗកុំបន្តសកម្មភាពព្រោះអាចមានហានិភ័យខ្ពស់។ ប្រសិនបើ អ្នកមិនមានអារម្មណ៍ធូរស្រាលនិងមានអាការៈដូចជា ក្តៅខ្លួនខ្លាំង វិលមុខ ដកដង្ហើមញាប់ រាក រលាកស្បែក ក្អក រលាកឈឺបំពង់ក ត្រូវស្វែងរកការព្យាបាលភ្លាមនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិត
• ក្នុងករណីមានជំងឺរាតត្បាត ឬហានិភ័យសុខភាព ដែលបណ្តាលមកពីការឡើងកម្ដៅ សូម រាយការណ៍និងស្វែងរកសេវាសុខភាពនៅជិតបំផុត តាមរយៈសមត្ថកិច្ចពាក់ព័ន្ធ នៅតាមមូលដ្ឋាន របស់ខ្លួន ឬទំនាក់ទំនងទៅលេខ១១៥ ដើម្បីមានវិធានការដោះស្រាយជាបន្ទាន់។
២-ប្រការគួរចៀសវាងអំឡុងពេលអាកាសធាតុក្តៅខ្លាំងត្រូវចៀសវាងពិសាភេសជ្ជៈដែលបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះមានដូចជា ពិសាគ្រឿង ស្រវឹង ជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើន ជាតិអំបិលច្រើនត្រូវចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក ត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកម្ដៅ ព្រះអាទិត្យ និងកាត់បន្ថយការឱ្យពន្លឺព្រះអាទិត្យចូលក្នុងថ្នាក់រៀនច្រើនពេក និងយូរពេកចៀសវាងការធ្វើសកម្មភាពហាត់ប្រាណ ឬការលេងកីឡានៅក្រោមកម្ដៅថ្ងៃខ្លាំងត្រូវកាត់បន្ថយការទទួលទានម្ហូបអាហារដែលប្រៃពេក ផ្អែមពេក និងខ្លាញ់ច្រើនពេក ផ្ទុយមកវិញត្រូវ ទទួលទានម្ហូបអាហារណាដែលមានអំបិលតិច ផ្អែមតិច និងខ្លាញ់តិច។
៣-វិធានការអនុវត្តនៅតាមគ្រឹះស្ថានសិក្សា
ត្រូវបើកទ្វារ បង្អួចនៃបន្ទប់រៀន ឱ្យបានស្រឡះល្អត្រូវណែនាំសិស្សឱ្យលេងក្នុងម្លប់ ឬនៅក្នុងបន្ទប់រៀន នៅពេលចេញលេង
ត្រូវណែនាំសិស្សឱ្យយកទឹកមកពីផ្ទះ ដូចជាទឹកដាំពុះ ទឹកសុទ្ធ ទឹកចម្លោះ និងទឹកស្អាតសម្រាប់ប្រើ ប្រាស់ផ្ទាល់ខ្លួននៅគ្រឹះស្ថានសិក្សា
ត្រូវបាញ់ទឹកដាក់ទីធ្លាគ្រឹះស្ថានសិក្សា ឬដំបូលអគារសិក្សា តាមលទ្ធភាពនិងស្ថានភាពជាក់ស្តែង ដើម្បីបន្ថយកម្ដៅ ឬអាចពិភាក្សាជាមួយអ្នកអាណាព្យាបាលសិស្សដើម្បីរកលទ្ធភាពបំពាក់កង្ហារនៅ តាមបន្ទប់រៀនជាដើម
ត្រូវសហការជាមួយអ្នកពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ទទួលទាន និងទឹកសម្រាប់ប្រើប្រាស់នៅ តាមគ្រឹះស្ថានសិក្សាឱ្យបានសមស្របតាមតម្រូវការ
ត្រូវបន្តដាំ និងថែរក្សាដើមឈើដែលមានស្រាប់នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដើម្បីយកម្លប់ និងកាត់ បន្ថយកម្ដៅ
ត្រូវពិនិត្យតាមដានឱ្យបានញឹកញាប់ និងជាប្រចាំលើសុខភាពរបស់សិស្សានុសិស្ស ដែលបង្កដោយ អាកាសធាតុក្តៅខ្លាំងជាពិសេសកុមារតូចៗ
ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន តាមលិខិតលេខ ១៨អយក.សណន ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក៏ដូចជាសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ។
ទទួលបានសេចក្តីណែនាំនេះ សូមលោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីអនុវត្តឱ្យបានលទ្ធផល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ សិលា