ព័ត៌មានទាន់ហេតុការណ៍៖

លោកសន្តិបណ្ឌិត ខៀវ សុភ័គ នាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់ជូនតំណាងគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ក្នុងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ភ្នំពេគ ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន ដឹកនាំប្រតិភូចូលរួមរំលែកមរណទុក្ខ និងប្រគល់ថវិកាសរុបចំនួន៨០លានរៀល ជូននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយោធិនទាំង២០រូប ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមប្រភពពី អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ។

ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត ខៀវ សុភ័គ បានជម្រាបជូន ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ អំពីសេចក្ដីសោកស្ដាយជាពន់ពេក និងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ជាមួយក្រុមគ្រួសារសពយោធិនពលី ក៏ដូចជាថ្នាក់ដឹកនាំនិងមន្រ្តីនៃកងយោធពលខេមរភូមិន្ទ ចំពោះការបាត់បង់ក្រុមគ្រួសារនិងធនធានមនុស្សរបស់អង្គភាព ព្រមទាំងបានជូនពរអ្នករងរបួសឱ្យឆាប់ជាសះស្បើយ។

លោកសន្តិបណ្ឌិត បានបន្តថា ក្នុងនាម លោកអភិសន្តិបណ្ឌិត និងក្នុងនាម លោកសន្តិបណ្ឌិតផ្ទាល់ សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ ជាពិសេសកងយោធពលខេមរភូមិន្ទ ជាមួយក្រសួងមហាផ្ទៃ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើឱ្យក្រសួងទាំងពីរមានលទ្ធភាពកាន់តែខ្ពស់ និងគ្រប់ជ្រុងជ្រោយក្នុងការបំពេញតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាជន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងនាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងអំណរគុណគោរពជូន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងទឹកចិត្តប្រកបដោយភាតរៈរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលបានចូលរួមរំលែកមរណទុក្ខ និងរួមចំណែកផ្ដល់នូវថវិកាជូនក្រុមគ្រួសារយោធិនពលីទាំង២០រូប។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថាឧបទ្ទវហេតុនេះ គឺជាទុក្ខសោកដ៏ក្រៀមក្រំមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកងយោធពលខេមរភូមិន្ទ សូម្បីតែក្នុងពេលមានសមរភូមិប្រយុទ្ធក៏ដោយ។ នាយឧត្តមសេនីយ៍ បន្តទៀតថា ភ្លាមៗក្រោយកើតមានឧបទ្ទវហេតុ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំបញ្ជានិងតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ទាំងការរៀបចំពិធីបុណ្យសពយោធិនពលី ព្រមទាំងការសង្គ្រោះ និងព្យាបាលជនរងគ្រោះ។

មុននឹងបញ្ចប់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជម្រាបជូន លោកសន្តិបណ្ឌិតនាយកខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត អំពីការត្រៀមរៀបចំប្រគល់ថវិកាជូនក្រុមគ្រួសារយោធិនពលីឱ្យបានឆាប់។ ភាគីទាំងពីរ ក៏បានគោរពជូនពរថ្នាក់ដឹកនាំ និងជូនពរមន្រ្តីកងកម្លាំង ទាំងកម្លាំងនគរបាលជាតិ និងកងយោធពលខេមរភូមិ សូមទទួលបានជោគជ័យក្នុងបេសកកម្មការពារជាតិ បេសកកម្មការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមចំណែកបន្តសម្រេចឱ្យបានជោគជ័យនូវ យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល៕

ដោយ៖ សិលា


ចែករំលែក៖