ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ៖ ការវិវត្តនៃពិភពលោកសព្វថ្ងៃ គឺគ្រោះថ្នាក់ណាស់ ពិសេសប្រទេសតូចៗដូចកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ​ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងថា​៖ ការវិវត្តនៃបរិបទពិភពលោកបច្ចុប្បន្ននេះ គឺគ្រោះថ្នាក់បំផុតចំពោះបណ្ដាប្រទេសទាំងអស់ ជាពិសេសប្រទេសតូចៗដូចជា កម្ពុជាតែម្ដង។ អ្នកជំនាញរូបនេះ បន្តថា បរិបទនេះ ការកំណត់នយោបាយការបរទេស និងភូមិសាស្ត្រនយោបាយ គឺជារឿងសំខាន់ និងត្រូវតែប្រុងប្រយ័ត្នបំផុត។

​ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ក្នុងវេទិកាពិភាក្សាតុមូល នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទនៃស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា។ 

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ​ ថ្លែង​បន្ត​ថា ពិភពលោក កំពុងឈានទៅក្នុងបរិបទនៃទសវត្សដែលគ្រោះថ្នាក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ហើយស្មុគស្មាញជាងសង្គ្រាមត្រជាក់ចាស់ ដោយសារតែភាពពាក់ព័ន្ធនឹងតួអង្គ ក៏ដូចជាបញ្ហា មានភាពចាក់ស្រេះខ្លាំងច្រើន ខណៈដែលពីមុនមានតែពីរប៉ូល គឺប៉ូលប្លុកលោកសេរី និងប៉ូលប្លុកលោកកុម្មុយនិស្តប៉ុណ្ណោះ។

អ្នកជំនាញរូបនេះ​ បានគូសបញ្ជាក់ទៀត​ថា បរិបទបច្ចុប្បន្ន គឺជាសាកលភាវូបនីយកម្ម ដែលពិបាកនឹងបែងចែកថា ជាប៉ូលមួយណាឱ្យពិតប្រាកដ ជាក់ស្ដែង សូម្បីតែសម្ព័ន្ធមិត្តរបស់មហាអំណាចសហរដ្ឋអាមេរិក ក៏សុទ្ធសឹងតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ចិនទាំងអស់។ ដូច្នេះហើយ ក្នុងបរិបទនេះ គឺមានភាពស្មុគស្មាញមែនទែន។

បន្ថែមពីនេះ​ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ក៏បានថ្លែងថា ពិភពលោកសព្វថ្ងៃនេះ មានដុំភ្លើងចំនួន៥ដុំ ដែលកំពុងមានកម្ដៅ ក្នុងនោះ បញ្ហាជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងបញ្ហានៅមជ្ឈិមបូព៌ា លោក ចាត់ទុកថា ជាដុំភ្លើងដែលកំពុងឆេះខ្លាំង​ ខណៈដុំភ្លើង៣ទៀត នៅអាស៊ី-ប៉ាស៊ីហ្វិក មិនទាន់ឆេះ។ ដុំភ្លើង៣ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ គឺសំដៅទៅដល់បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាជម្លោះឥណ្ឌា-ប៉ាគីស្ថាន។

ស្ថិតក្នុងបរិបទដ៏ផុយស្រួយបែបនេះហើយ ត្រូវបានអ្នកជំនាញរូបនេះ លើកជាទស្សនៈដល់ប្រទេសតូចៗដូចជា កម្ពុជា ជាដើម ត្រូវតែមានការប្រុងប្រយ័ត្នក្នុងការចាប់យកនយោបាយការទូត និងភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ប៉ុន្តែយ៉ាង ណា លោក ក៏បានលើកឡើងពីភាពចាំបាច់នៃការពង្រឹងកត្តាខាងក្នុង ដើម្បីទប់ទល់នឹងកត្តាខាងក្រៅ ពោល គឺត្រូវមានសាមគ្គីភាពជាតិឱ្យខ្លាំង។

លោកបណ្ឌិត បានលើកឡើងដូច្នេះថា៖ «ក្នុងបរិបទនេះ ប្រទេសកម្ពុជាយើង ដែលជាប្រទេសតូច យើងធ្វើខុសអត់បានទេ និយាយឱ្យចំ នៅប្រទេសធំ គេធ្វើកំហុសបាន គេនៅមានប្រទេស ប្រទេសតូចឱ្យមានកំហុសមួយទៅ បាត់ប្រទេសហ្មង..។ ចឹងគេប្រយ័ត្នណាស់ក្នុងនយោបាយការបរទេស ភូមិសាស្ត្រនយោបាយ ដើរមួយជំហានៗ ប្រយ័ត្ន មែនទែន ក៏ប៉ុន្តែនៅតែកត្តាខាងក្នុង កំណត់កត្តាខាងក្រៅទេ បើកត្តាខាងក្នុងយើងខ្លាំង សាមគ្គីជាតិខ្លាំង យើងទប់ខ្យល់ខាងក្រៅបាន»។ លោកបន្តថា នេះជាការវិវត្តន៍ពិភពលោកមួយ ប្រកបដោយភាពគ្រោះថ្នាក់បំផុតចំពោះបណ្ដាប្រទេសទាំងអស់​ ហើយជាពិសេសប្រទេសតូចៗដូចជា កម្ពុជាតែម្ដង៕

ដោយ​៖ តារា​


ចែករំលែក៖