ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសសាលដីកាសម្រេចផ្ដន្ទាទោសស្រ្តីចំណាស់ដែលវាយតបតប្ដីពេលកើតមានអំពើហិង្សាក្នុងគ្រួសារបណ្ដាលអោយប្ដីស្លាប់ ដាក់ពន្ធនាគារកំណត់១៦ខែ ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណភាពនៃជនរងគ្រោះ ។
រឿងក្ដីនេះត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍លើកយកមកបើកសវនាការកាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវប្ដឹងនិងសេចក្ដីសម្រេចទាំងស្រុងរបស់តុលាការថ្នាក់ក្រោម ( សាលាដំបូងខេត្តតាកែវ ) ។
ជនជាប់ចោទដែលសាលាឧទ្ធរណ៍ផ្ដន្ទាទោសនេះឈ្មោះ នុត ម៉ៅ អាយុ៥៣ឆ្នាំ រស់នៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ជាកសិករ មានកូនប្រុសស្រី៦នាក់ក្នុងបន្ទុក ហើយប្ដីដែលស្លាប់នោះឈ្មោះ ឌឿន តារា អាយុ៥៨ឆ្នាំ ត្រូវប្រពន្ធវាយនឹងរនូតគ្រែ៥ ,៦ ដំបងបណ្តាលឱ្យស្លាប់។
ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៧ល្ងាច ។
តាមរបាយការណ៍ដែលអានដោយលោកចៅក្រម លី សុខឡេង នៅថ្ងៃសវនាការបានបញ្ជាក់ថា មូលហេតុដែលសាលាឧទ្ធរណ៍លើកយករឿងក្ដីនេះមកជំនុំជម្រះដោយសារតែតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវប្ដឹងចំពោះសេចក្ដីសម្រេចទាំងស្រុងរបស់ចៅក្រមសាលាដំបូងខេត្ត ព្រោះសាលាដំបូងខេត្តតាកែវបានប្ដូរបទចោទលើជនដៃដល់ពីបទឃាតកម្ម មកជាបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណភាពនៃជនរងគ្រោះ ហើយផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារតែ១ឆ្នាំប៉ុណ្ណោះ ។
នៅចំពោះមុខការជំនុំជម្រះរបស់សាលាឧទ្ធរណ៍នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ជនជាប់ចោទបានសារភាពថា ៖ គាត់និងប្ដីបានរៀបការ២៩ឆ្នាំមកហើយ មានកូន៦នាក់ក្នុងបន្ទុក ហើយចាប់ពីឆ្នាំ២០១២មក ប្ដីគាត់ស្រាប់តែចេះប្រចណ្ឌរករឿងវាយគាត់ព្រឹកល្ងាចមិនស្វាង រហូតដល់ថ្ងៃកើតហេតុគាត់បានវាយកូនពៅប៉ុន្មានរំពាត់ព្រោះដើរលេងមិនចូលផ្ទះ ពេលនោះស្រាប់តែប្ដីគាត់បានយកដំបងរនូតគ្រែមានដំដែកគោលមកវាយគាត់ត្រូវក្បាលមុតនឹងដែកគោលហូរឈាមស្រោចពេញខ្លួន ទើបមានការប្រតាយប្រតប់គ្នាហើយគាត់បានដណ្ដើមយកដំបងនោះបានក៏វាយប្ដីវិញប្រហែល៥ ,៦ដំបងត្រូវក្បាល ដៃ ជើង ខ្លួន ហើយស្លាប់ពេលដឹកទៅមន្ទីរពេទ្យ។
ជនជាប់ចោទបាននិយាយទៀតថា គាត់មិនមានចេតនាសម្លាប់ប្ដីទេ តែវាយជ្រុលដៃប៉ុណ្ណោះ និងសូមតុលាការកាត់ទោសគាត់ដាក់ពន្ធនាគារ១ឆ្នាំដូចតុលាការខេត្តតាកែវដែរចុះ ព្រោះកូនៗគាត់មិនមានអ្នកមើលថែទេ ។
រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះសាលាឧទ្ធរណ៍បានសម្រេចផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ១៦ខែ ពោលគឺនៅតែ២ខែទៀតប៉ុណ្ណោះជនជាប់ចោទនឹងមានសេរីភាពវិញ បើពុំមានបណ្ដឹងឬករណីបទល្មើសផ្សេងកើតឡើងទេ ព្រោះជនជាប់ចោទ បានជាប់ពន្ធនាគាររយៈពេល១៤ខែកន្លងទៅហើយ ៕
ដោយ ៖ រ៉ារ៉ា