ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់ អំពី កោះស្តេច នៅខេត្តកោះកុង !

ចែករំលែក៖

ខេត្តកោះកុង ៖ កោះស្តេចជាកោះមួយស្ថិតនៅក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។  កោះស្ដេច គឺជាកោះ ធម្មជាតិ មួយ ដែលលាតសន្ធឹងតាម បណ្ដោយ សមុទ្រ មានចម្ងាយ ប្រមាណ ជាង ៨១ គីឡូម៉ែត្រ ពី ទីរួម ខេត្ត កោះកុង។ កោះ ស្ដេច មាន ចំងាយ ប្រមាណ ជា ២៥០ គីឡូម៉ែត្រ ពី រាជធានី ភ្នំពេញ ដោយ ត្រូវ ធ្វើ ដំណើរ ជា ពីរ ដំណាក់ គឺ ជិះរថយន្ត និងជិះ ទូកឆ្លងសមុទ្រទើបទៅដល់ដីកោះ។ រមណីយដ្ឋាន កោះស្ដេច មាន ឆ្នេរ ខ្សាច់ស ស្អាត មាន ផ្ទះ សំណាក់ និង ទេសភាព ស្រស់ ស្អាត សម្រាប់ លំហែ ព្រោះ មាន កោះ ជាច្រើន នៅ ជុំ វិញ ។នៅលើកោះនោះមានសហគមន៍ នេសាទ រស់នៅ ។ កោះ ស្តេច មាន ឆ្នេរ ពីរ គឺ មួយ ទៅ ខាង ត្បូង និង មួយ បែរ ទៅ ខាង លិច។ នេះជាការបញ្ជាក់ពី លោក អោម តារា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ 

លោកថា ៖ នៅលើកោះស្តេចនោះមានអណ្តូងបុរាណមួយដែលគេតែងហៅថា«អណ្តូងស្តេច» ដែលមានទឹកសាបចេញគ្រប់រដូវ។ ដោយមានរឿងដំណាលថាកាលពីដើមឡើយមានស្ដេច ១ព្រះអង្គ ទ្រង់បាននាំទ័ពចូលមកសម្រាកលើកោះមួយនេះ ដោយនៅទីនេះមានតែទឹកសមុទ្រមានរសជាតិប្រៃ មិនមានទឹកសាបប្រើទើបព្រះអង្គបានអធិដ្ឋានឡើងសុំឱ្យទេវតារក្សាមហាសមុទ្រផ្តល់ទឹកសាបប្រើប្រាស់ ហើយក៏យកព្រះខ័នបុកដីនៅកន្លែងនោះ ទីនោះចេញទឹកសាបមកដើម្បីប្រើប្រាស់។ លុះក្រោយៗមកអណ្ដូងនោះក៏ទៅជាថ្មហើយគេហៅតៗគ្នាថា «អណ្តូងស្តេច» រហូតមក។ 

គួរឱ្យចម្លែកត្រង់នៅជុំវិញអណ្តូងមួយនេះគឺមានតែទឹកប្រៃប៉ុណ្ណោះ ក៏ប៉ុន្តែទឹកនៅក្នុងអណ្តូងនេះបែរជាទឹកសាបទៅវិញ ទោះបីជាមានរលកសមុទ្រវាយបក់ ទឹកសមុទ្រចូលនៅក្នុងអណ្តូងមួយនេះក្តីក៏មិនធ្វើឱ្យទឹកក្នុងអណ្តូងនេះប្រៃដែរ។ អណ្ដូង នេះមានទទឹង មាត់ ប្រហែល ៤០សង់ទីម៉ែត្រ ជម្រៅ ប្រហែលកន្លះម៉ែត្រ និងមានទឹកចេញជាប្រចាំ។ 

ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថាទឹកដែលពួកគេ បានយកចេញពីអណ្តូង គឺលក្ខណៈទឹកថ្លាស្អាត ហើយពេលពួកគេយកទៅងូតមិនមានបញ្ហា ឬប្រតិកម្មស្បែកអ្វីនោះទេវាដូចទឹកអណ្តូងធម្មតាដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖