ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រកួតប្រជែង៖ វិធីសាស្ត្រដើម្បីជៀសវាង សកម្មភាពដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែង»

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»សហការជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (Amcham Cambodia) និងដៃគូអភិវឌ្ឍន៍នានា បានរៀបចំសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រកួតប្រជែង៖ វិធីសាស្ត្រដើម្បីជៀសវាង សកម្មភាពដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែង» នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាព របស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន  ក.ប.ប. និងលោក Casey Barnett នាយកសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (Amcham Cambodia) ដែលសមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះមានចំនួនប្រហែល ៧០នាក់។

 នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម ផាន អូន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនិងធ្វើជាវាគ្មិនក្នុងវគ្គជជែកពិភាក្សាក្រោមប្រធានបទ ច្បាប់ស្តីពីការប្រកួតប្រជែង៖ វិធីសាស្ត្រដើម្បីជៀសវាង សកម្មភាពដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែង។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ផាន អូន បានលើកឡើងថា សិក្ខាសាលានេះគឺជាគំនិតផ្តួចផ្តើមដ៏គួរឱ្យស្ងើចសរសើរមួយដើម្បីឆ្ពោះទៅរកការបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីប្រកួតប្រជែង ជូនដល់ធុរកិច្ច និងភាគីពាក់ព័ន្ធផ្សេងទៀត ហើយសិក្ខាសាលានាថ្ងៃនេះក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីរបបប្រកួតប្រជែង និងការកែលម្អកម្រិតនៃការអនុលោមតាមច្បាប់ស្តីពីការប្រកួតប្រជែង ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច ក៏ដូចជាអាជីវកម្មឬធុរកិច្ចផ្ទាល់ខ្លួនផងដែរ។  ជាមួយគ្នានេះផងដែរ លោក ម៉េង សុងឃាង ប្រធាននាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម  ជាមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន  ក.ប.ប. ក៏ត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃច្បាប់និងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែងជូនដល់អង្គសិក្ខាសាលាទាំងមូល និងព្រមទាំងចូលរួមក្នុងវេទិកាពិភាក្សាតុមូលផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖