ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញការព្រួយបារម្ភបន្ទាប់ពីកំដៅបានឡើងកំដៅខ្លាំងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ ដោយកើនឡើងរហូតដល់៤៦អង្សាសេដែលមិនធ្លាប់មាននៅកម្ពុជា។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ចេញសារក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយបញ្ជាក់ថា៖”នៅកម្ពុជាពេលនេះ គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុនមកនោះឡើយ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព ដែលអាចនឹងមានការដួលសន្លប់ ឫលេសឡាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដើម។ ការប្រែប្រួលអាកាសធាតុ នាពេលនេះ គឺជាការពិត ហើយ។ ថ្ងៃនេះកំដៅកើនឡើងអាចដល់ ៤៦ អង្សារសេទៅហើយ”។
ជាមួយការគ្នានោះដែរ លោកជំទាវរដ្ឋលេខាធិការក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជូនសាធារណជនរួចហើយ ដែលលោកអ្នកអាចស្វែងរកមើលបានតាមទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរ។
លោកជំទាវវេជ្ជបណ្ឌិតបានលើកឡើងថា” អ្វីដែលសំខាន់នៅពេលនេះ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះក្នុងរយ:ពេលយូរពេក ដែលនាំឱ្យរលាកស្បែក បែកញើសខ្លាំងពេកធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួន សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេសឡាស់ ដង្ហក់ ឫដួលសន្លប់ ហើយគាំងបេះដូងស្លាប់ជាដើម។ ត្រូវរកទីតាំងម្លប់ជ្រក បើនៅក្រៅផ្ទះ ឫអគារ រកកន្សែង ឫក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន ឧស្សាហ័បាញ់ទឹកនៅជុំវិញខ្លួន ពិសារទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី ២-៣លីត្រក្នុងមួយថ្ងៃ សូមកុំពិសារភេសជ្ជផ្អែមដែលធ្វើឱ្យកំដៅខ្លួនបុគ្គលកើនថែមក្នុងពេលដែលក្តៅខ្លាំងនេះ និងប្រេីសម្លៀកបំពាក់ស្រាលស្តើង ដៃវែង ពាក់មួកការពារកំដៅថ្ងៃ អាចប្រើឡូស្យុងការពារកំដៅថ្ងៃ ឬប្រើឆ័ត្របាំងកំដៅថ្ងៃ។ បើនៅក្នុងផ្ទះ ឫអគារ អាចប្រើកង្ហា ឫម៉ាស៊ីនត្រជាក់ កាត់បន្ថយកំដៅ។ចៀសវាងការបរិភោគផ្អែមពេក ប្រៃពេក ឫខ្លាញ់ពេកជាដើម៕
ដោយ ៖ ភារ៉ា ដង្កោ