ខេត្តព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអបអរសាទរ និងឧទ្ទិសទិវាពលកម្មអន្តរជាតិ ឱ្យក្លាយទៅជាទិវានៃសាមគ្គីភាព ភាតរភាព សមភាពសម្រាប់ពលករកម្ពុជា ក៏ដូចជាសម្រាប់មហាគ្រួសារនៃសង្គមជាតិកម្ពុជាទាំងមូល ។ ទន្ទឹមនឹងនេះ សម្តេចបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តពង្រឹងនូវកិច្ចសហការគ្នាជាអតិបរមា ដើម្បីភាពសុខដុមរមនានៃមហាគ្រួសារសង្គមជាតិខ្មែរ ជាពិសេសរវាងនិយោជិត និងនិយោជក ដែលប្រៀបបីដូចគូស្វាមីភរិយា ហើយត្រូវតែមានការបំពេញឱ្យគ្នាទៅវិញទៅមកជាប្រចាំ ។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែរីកចម្រើនថែមទៀត ។ ដោយឡែក កំពង់ផែស្វ័យព្រះសីហនុ បានដើរតួនាទីជាចលករសំខាន់ក្នុងការជួយដល់ការរីកចម្រើនលើវិស័យជាច្រើន ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយកំពង់ផែនេះជាកំពង់ផែកុងតឺន័រទឹកជ្រៅស្នូលរបស់កម្ពុជា និងជាកំពង់ផែតំបន់ (Regional Port) និងមជ្ឈមណ្ឌលឡូជីស្ទិក (Logistic Hub) ដូចទៅនឹងបណ្តាប្រទេសក្នុងតំបន់ ។ ក្នុងន័យនេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានជំរុញការរៀបចំផែនការមេសម្រាប់អនាគតកំពង់ផែស្វយ័តក្រុងព្រះសីហនុពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដោយមានការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេសទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនជម្រើសយ៉ាងប្រសើរសម្រាប់ការបង្កើនប្រសិទ្ធភាពតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ។
ក្នុងពិធីនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងបានជួយដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងក្នុងគ្រប់កាលៈទេសៈនៅកម្ពុជា និយាយជារួម និងនិយាយដោយឡែក បានជួយកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីបម្រើដល់ការរីកចម្រើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ ជាក់ស្ដែង ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ដែលបានប្រកាសបើកការដ្ឋានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ដោយមិត្តជប៉ុនបានផ្ដល់ឥណទានសម្បទានសម្រាប់ការសាងសង់ប្រមាណ ២៤៣លានដុល្លារអាម៉េរិក ។
ជាមួយគ្នា សម្តេចធិបតី បានកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ យកអស់កម្លាំងកាយចិត្តរហូតទទួលបាននូវលទ្ធផលអាជីវកម្មកើនឡើងជារៀងរាល់ឆ្នាំ ព្រមទាំងធ្វើការផ្តាំផ្ញើដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងមូល ឱ្យបន្តខិតខំបំពេញការងារឱ្យបានកាន់ល្អប្រសើរ និងខ្លាំងក្លាថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ សមត្ថភាព និងប្រសិទ្ធភាពការងាររបស់យើងចំពោះមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងនាមជាកំពង់ផែបម្រើឱ្យវិស័យពាណិជ្ជកម្មកម្រិតអន្តរជាតិយ៉ាងពិតប្រាកដ ។
ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ឱ្យបន្តបង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសេវាកម្មគ្រប់ផ្នែកនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យបានកាន់តែល្អប្រសើរ ដែលទាំងអស់នេះ គឺជាប្រការដ៏សំខាន់បំផុតក្នុងការលើកកម្ពស់ការជឿទុកចិត្តពីសំណាក់អតិថិជន វិនិយោគិនជាតិ-អន្តរជាតិ និងអ្នកផ្តល់ជំនួយទាំងឡាយ មកលើការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី ក៏បានផ្តល់ការណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ឱ្យត្រៀមអន្តរាគមន៍ ទាំងកម្លាំង និងសម្ភារៈ ដើម្បីការពារករណីអគ្គីភ័យគ្រប់សណ្ឋាន និងទឹកស្អាតសម្រាប់ប្រេីប្រាស់ខណៈពេលដែលអាកាសធាតុកាន់តែកើនទ្បើងកំដៅ ព្រមទាំងបានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីទ្បា ផ្អាកដំណើរការសាលារៀនក្នុងករណីដែលសីតុណ្ហភាពកើនទ្បើងលើស ៤០ អង្សា ៕
ដោយ៖ តារា