ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើង៤នាក់ ក្នុងចំណោមបក្ខពួក១២នាក់ ត្រូវបាននគរបាលស្រុកកៀនស្វាយបង្ក្រាប ក្រោយពីក្រុមក្មេងទំនើងទាំងនេះ ធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញម៉ូតូរបស់យុវជនអស់ចំនួន២គ្រឿង ។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទីចំណុចរង្វង់មូលស្ពានត្សឹបាសា ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះ០២នាក់ ១/-ឈ្មោះ ធួន សុថាត់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល (ម្ចាស់ម៉ូតូស្កុបពីពណ៌ខ្មៅ) ២/-ឈ្មោះ បូ ចន្ថា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងជាប្រជាការពារភូមិ ទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (ម្ចាស់ម៉ូតូDream ពណ៌ខ្មៅ)។
ចំណែកជនសង្ស័យ១២នាក់ប្រុស ឃាត់ខ្លួនបាន៤នាក់ ១/-ឈ្មោះ វឿន កក្កដា ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅ ភូមិជ្រោយដង១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ,២/-ឈ្មោះ ឡាំ នុតរ៉ាដា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិព្រែកតាកែវ២ ឃុំសំរោធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ,៣/-ឈ្មោះ រិទ្ធ ធីធា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ,៤/-ឈ្មោះ រី សុវណ្ណរាជ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែកជនសង្ស័យ៨នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ សម្ភារៈខូចខាតម៉ូតូចំនួន ០២គ្រឿង ១/-ម៉ូតូម៉ាក Dream ពណ៌ខ្មៅ សេរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ កណ្ដាល 1T-4518 ,២/-ម៉ូតូម៉ាក scoopy ពណ៌ខ្មៅសេរីឆ្នាំ ២០២៣ ពាក់ស្លាកលេខភ្នំពេញ 1KI-1747។ វត្ថុតាងចាប់យករួមមាន៖
ម៉ូតូចំនួន០២គ្រឿង ម៉ូតូម៉ាក nex ពណ៌ លឿង ស ស៊េរីឆ្នាំ២០២៤ ពាក្យស្លាកលេខ ភ្នំពេញ 1KQ-9622 ,ម៉ូតូម៉ាក Dream ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក្យស្លាកលេខ ភ្នំពេញ 1CE-8536 ,២-/ទូរស័ព្ទដៃ ចំនួន០៣គ្រឿង ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ២០និង៣០នាទី ឈ្មោះ ធួន សុថាត់ បានទៅរាយការណ៍ជូនសមត្ថកិច្ចផ្ទាល់មាត់នៅចំណុចដាក់គោលដៅវាស់ជាតិអាកុល នៅចំណុចភូមិអំពិលទឹក ថាមានករណីក្មេងទំនើងមួយក្រុមបានជិះម៉ូតូកាន់កាំបិតមកកាប់ម៉ូតូរបស់ខ្លួននៅចំណុចរង្វង់មូលស្ពានត្សឹបាសា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចអន្តរាគមន៍ និងកម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយ កម្លាំងប៉ុស្តិ៍កំពង់ភ្នំ បានចុះទៅដល់ទីតាំងកើតហេតុ ក៏បានឃើញម៉ូតូ ម៉ាក scoopy ពណ៌ខ្មៅរងការខូចខាតដោយសារគេកាប់ពិតប្រាកដមែន ។ រួចកម្លាំងសមត្ថកិច្ចក៏បាន បានបន្តស្វែងរក ដេញតាម ក្រុមក្មេងទំនើងទាំងនោះ។ ចំណែកក្រុមក្មេងទំនើងទាំងនោះបាននាំគ្នាជិះម៉ូតូតាមផ្លូវបេតុងក្នុងភូមិ លុះដល់ចំណុចផ្ទះលក់ដូរអីវ៉ាន់ របស់ឈ្មោះ គីមហាក់ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ក្រុមក្មេងទំនើងទាំងនោះបានចុះទៅកាប់ម៉ូតូម៉ាក Dream សេរីឆ្នាំ២០១៦ ចំនួន០១គ្រឿងទៀតរួចក៏បានជិះម៉ូតូយ៉ាងលឿន ចូលទៅស្រុកកៀនស្វាយ និងគេចខ្លួនបាត់អស់ទៅ។ នៅយប់ថ្ងៃដដែលវេលាម៉ោង០១និង០៥នាទី រំលងអាធ្រាតក្រុមក្មេងទំនើងទាំងនោះ បានជិះម៉ូតូត្រឡប់មកវិញម្តងទៀតដើម្បីធ្វើសកម្មភាពម្ដងទៀត តែដោយសភាពការណ៍ស្ងប់ស្ងាត់ក្រុមទាំងនោះ ក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាត់ទៅ។ លុះដល់ថ្ងៃទី០២ ខែឧសភាឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា និងបានសហការជាមួយនឹងកម្លាំងសមត្ថកិច្ច ស្រុកកៀនស្វាយ និងប៉ុស្តិ៍រដ្ឋបាលសំរោងធំ ចុះទៅឃាត់ខ្លួនបានក្មេងទំនើងទាំងនោះបានចំនួន០៤នាក់ យកមកអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនីតិវិធី ។
តាមចម្លើយសារភាពរបស់ ក្រុមក្មេងទំនើងទាំងនោះ ថាខ្លួនពិតជាបាន ជិះម៉ូតូមកធ្វើសកម្មភាពកាប់ម៉ូតូចំនួនពីរគ្រឿងពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ ស្អាង ជ័យ