ខេត្តស្វាយរៀង៖ មិនដឹងជាមានរឿងអ្វី បុរសម្នាក់ បានលោតទឹកស្រះ ខាងក្រោយផ្ទះអ្នកភូមិបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកស្រុកនាំគ្នាជួយសង្គ្រោះស្រង់ដាក់លើគោកធ្វើចលនាអកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង ៥០ នាទី រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសខាងលើមានឈ្មោះ សួស សម្ភស្ស អាយុ ២៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ក្រោយពីមានសេចក្តីរាយការណ៍ពីអាជ្ញាធរភូមិភ្លាមសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ប្រសូត្រនិងគ្រូពេទ្យបានចុះមកពិនិត្យសពនិងក្រោយមកក៏បានសន្និដ្ឋានថា សពពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនដោយមិនមានស្នាកស្នាមជារឿងឃាតកម្មនោះទេ។
តាមក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថាគាត់មានជំងឺសរសៃប្រសាទប្រចាំកាយនិងឈឺក្បាលជាប្រចាំដោយបានទៅរកគ្រូពេទ្យព្យាបាលនិងផឹកថ្នាំសង្កូវដែរប៉ុន្តែជំងឺមិនបានធូរស្រាលសោះទើបនៅថ្ងៃកើតហេតុស្រាប់តែមានការភ្ញាក់ផ្អើលថា បានទៅលោតទឹកស្រះនៅខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋ តែម្ដង។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពែណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖ សុថាន