ភ្នំពេញ៖ រថយន្តបើកលឿនជ្រុលបានបុកម៉ូតូពីក្រោយបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្កក្រោយកើតហេតុបានបើកគេចបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ ត្រង់ចំណុចស្ពានបាក់ ក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាន ពិសិដ្ឋ មុខរបរជាងដែក មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-8996 ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូតាមផ្លូវក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ ចំណែករថយន្តបង្កបើករត់គេចទៅបាត់ ។
បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ និងបន្តស្រាវជ្រាវស្វែងរករថយន្តបង្កមកដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ