ព័ត៌មានទាន់ហេតុការណ៍៖

លោក Macron៖ ត្រូវធ្វើគ្រប់យ៉ាង មិនអនុញ្ញាតឱ្យរុស្ស៊ីឈ្នះក្នុងសង្គ្រាមឡើយ

ចែករំលែក៖

ប្រធានាធិបតីបារាំងលោក Emmanuel Macron ជាថ្មីម្តងទៀតបានចេញ “ការដាស់តឿនជាយុទ្ធសាស្ត្រ” ទៅកាន់អង្គការណាតូ ដោយលើកឡើងពីលទ្ធភាពនៃបណ្តាប្រទេសលោកខាងលិចដែលដាក់ពង្រាយកងកម្លាំងទៅកាន់អ៊ុយក្រែន ដោយបានប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យរុស្ស៊ីឈ្នះសង្រ្គាមនោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយ The Economist កាលពីថ្ងៃទី 2 ខែឧសភា ប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយម្តងទៀតអំពីលទ្ធភាពដែលលោកខាងលិចបញ្ជូនកងទ័ពទៅអ៊ុយក្រែន។
លោក Macron បាននិយាយថា “ទាក់ទងនឹងលោកខាងលិចដែលដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន ខ្ញុំមិនអាចបដិសេធលទ្ធភាពណាមួយបានទេ ពីព្រោះរុស្ស៊ីក៏ជាប្រទេសដែលធ្វើសកម្មភាពមួយដែលមិនបដិសេធលទ្ធភាពណាមួយឡើយ”។
ប្រធានាធិបតីបារាំងក៏បានសង្កត់ធ្ងន់ផងដែរថា សេចក្តីថ្លែងការណ៍របស់គាត់នៅក្នុងខែកុម្ភៈដែលថាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) អាចដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសអ៊ុយក្រែនគឺជា “ការដាស់តឿនជាយុទ្ធសាស្ត្រចាំបាច់” សម្រាប់មេដឹកនាំនៅក្នុងប្លុក។
“ប្រសិនបើរុស្ស៊ីសម្រេចចិត្តកាន់តែឈ្លានពាននៅអ៊ុយក្រែន ខ្ញុំគិតថា មេដឹកនាំលោកខាងលិចនឹងឆ្ងល់អំពីលទ្ធភាពនេះ។ តាំងពីរុស្ស៊ីបានបើកយុទ្ធនាការយោធានៅអ៊ុយក្រែនមក ខ្ញុំតែងតែបន្តគោលដៅនិងយុទ្ធសាស្ត្រច្បាស់លាស់៖ គ្រប់ចំណាយទាំងអស់កុំឲ្យរុស្ស៊ីឈ្នះ។ ព្រោះបើរុស្ស៊ីឈ្នះអ៊ុយក្រែន នោះនឹងគ្មានសន្តិសុខទៀតទេនៅអឺរ៉ុប។ លោក Macron បានបន្ថែមថា សម្រាប់អឺរ៉ុប រុស្ស៊ីគឺជាការគំរាមកំហែងសន្តិសុខយ៉ាងធ្ងន់ធ្ងរ។

នៅចុងខែកុម្ភៈ លោក Macron បានបង្កភាពចលាចលក្នុងសហគមន៍អន្តរជាតិ នៅពេលដែលលោកបាននិយាយថា អង្គការណាតូអាចដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT បានឲ្យដឹងថា នៅក្នុងអង្គការណាតូមានភាពចលាចលនិងការបែកបាក់គ្នា ជុំវិញលទ្ធភាពនៃការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Macron។ ប្រទេសលីទុយអានី ហ្វាំងឡង់ និងអេស្តូនី គាំទ្រគំនិតរបស់លោក Macron ខណៈដែលសហរដ្ឋអាមេរិក អាល្លឺម៉ង់ អេស្ប៉ាញ ប៉ូឡូញ និងសាធារណរដ្ឋឆេក និយាយថា ពួកគេមិនមានផែនការបែបនេះទេ៕ ដោយ៖ ធីរីណា

រូប​ថត​៖ plo.vn


ចែករំលែក៖