ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំពៅលូន និងស្រុកថ្មគោល ប្រគល់គ្រាប់ឱ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកសំពៅលូន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកថ្មគោល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះអោយទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន ០២ករណីផ្សេងគ្នា ។ 

 ករណីទី១ កម្លាំងនគរបាលប៉ុស្ដិ៍ជ្រៃសីមា នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋបានប្រទះឃើញ ។ ក្រោយពេលចុះត្រួតពិនិត្យប្រទះឃេីញប្រភេទគ្រាប់ ចំនួន ០៣គ្រាប់ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។

 ករណីទី២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រុន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋឈ្មោះ ជិន ចាន់ថន អនុភូមិចារ បានឲ្យអេស្កាកាយដំបូកស្រែ នៅតំបន់បឹងចកស្ថិតក្នុងភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានប្រទះឃើញនៅហ្នឹងដំបូកស្រែរបស់ខ្លួន រួចបានរាយការណ៍ជូនប៉ុស្តិ៍រដ្ឋបាលអន្លង់រុន ។ ក្រោយពេលចុះត្រួតពិនិត្យប្រទះឃេីញប្រភេទគ្រាប់បេ៤០ ចំនួន ០១គ្រាប់ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។

 ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកសំពៅលូន និងស្រុកថ្មគោលបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

ដោយ​៖តារា​


ចែករំលែក៖