ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជននិងអាណាព្យាបាលបេក្ខជន​សូមប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ស្របពេលដែលស្ថានភាពអាកាសធាតុអាចនឹងប្រែប្រួលគ្រប់ពេល

ចែករំលែក៖

​    ភ្នំពេញ​ ៖​ តាមការបញ្ចាក់របស់គណៈកម្មការរៀបចំការប្រឡងប្រជែង​គ្រូអនុវិទ្យាល័យ​បានឱ្យដឹងថា “ទោះបីជាមានផលរំខាននានានៅមណ្ឌលប្រឡងទាំងពីរដែលបណ្តាលមកពីអាកាសធាតុ និងភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក្តី ក៏ក្រុមការងារបានញាប់ដៃញាប់ជើងក្នុងការរៀបចំស្ថានការណ៍ឱ្យប្រសើរឡើងវិញ ដើម្បីធានាដល់ការប្រឡងប្រជែងដំណើរការបានជាប្រក្រតី។” នេះបើតាមការបង្ហោះលើទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ​ នាព្រឹកថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ​២០២៤​ ។ 

​     សូមបញ្ជាក់ថា ខណៈដែលក្រុមការងារបាននិងកំពុងរៀបចំឡើងវិញនៅទីតាំងផ្ទាល់ វត្តមានរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំទាំងអស់បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនិងចេញបទបញ្ជាដោះស្រាយបញ្ហាភ្លាមៗ នៅនឹងកន្លែង ដើម្បីសម្រួលដល់ការប្រឡងឱ្យប្រព្រឹត្តទៅបានដោយរលូននិងជោគជ័យតាមការគ្រោងទុក។

​    ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រឡងប្រជែងក៏បានរំលឹកដល់បេក្ខជននិងអាណាព្យាបាលបេក្ខជនដែលអញ្ជើញមកកាន់មណ្ឌលប្រឡង សូមឱ្យមានការកត់សម្គាល់ ប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតស្របពេលដែលស្ថានភាពអាកាសធាតុអាចនឹងមានការប្រែប្រួល ជាពិសេសឱកាសដែលអាចនឹងមានភ្លៀងធ្លាក់ក្នុងអំឡុងពេលបេក្ខជនមកដល់មណ្ឌលប្រឡង និងខណៈពេលត្រួតពិនិត្យមុនចូលមណ្ឌលប្រឡង៕​

ដោយ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖