ភ្នំពេញ ៖ ទីបំផុតអតីតមន្ត្រីយោធាម្នាក់ បម្រើការងារនៅអង្គភាពបញ្ជូនសារ នៃក្រសួងការពារជាតិ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ បញ្ជូនទៅដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នេះ ការបញ្ជូនខ្លួនអតីតមន្ត្រីយោធារូបនោះ បន្ទាប់ពីមានសេចក្តីប្រកាស ស្តីពីការលុបឈ្មោះនាយទាហាន របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំពោះវរសេនីត្រី ផាត ផានណូ អត្តលេខ ០៦៩៣០១ ជំនួយការ នាយកដ្ឋានបញ្ជូនសារ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ក្រោយពីអតីតមន្ត្រីយោធានោះផ្ទុះអាវុធចំនួន៥ គ្រាប់នៅក្នុងខណ្ឌ៧ មករា រាជធានីភ្នំពេញ ។ សំណុំរឿងជនសង្ស័យត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូង”ប្រចាំការ”បើកការស៊ើបសួរពីបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត “បាញ់បោះសេរី” និងប្រើប្រាស់គ្រឿងញៀន ។
សូមជម្រាបថា កម្លាំងសមត្តកិច្ចកងរាជអាវុធខណ្ឌ៧ មករា បានធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីមន្ត្រីយោធារូបនោះ បន្ទាប់ពីមានការផ្ទុះអាវុធចំនួន៥ គ្រាប់ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ។ មន្ត្រីយោធានោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ ឆ្នាំ បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងមានអាស័យដ្ឋានស្នាក់ នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។ ពេលឃាត់ខ្លួនសមត្តកិច្ចកងរាជអាវុធហត្ថបានធ្វើការដកហូត អាវុធខ្លី១ ដើម ម៉ាកCZ P.០៧ (បង់០១) គ្រាប់ចំនួន១០គ្រាប់ និងសំបកគ្រាប់ផ្ទុះរួចចំនួន០៥ នៅកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថឲ្យដឹងថា នៅវេលាម៉ោង៣ និង៣៥ នាទី ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣៦៧ DE០ ផ្លូវ2២៣៨ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កឡើងដោយមន្ត្រីយោធាម្នាក់ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅទីនោះ ។ ក្រោយកើតហេតុដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក រ័ត្ឋ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការកងរាជ អាវុធហត្ថខណ្ឌ៧ មករា បានដឹកនាំកម្លាំងជំនាញក្រោមឱវាទ ចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនមន្ត្រីយោធាបាញ់បោះសេរីនោះ នាំទៅកាន់ទីបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីធ្វើការសាកសួរ ។ មន្ត្រីអាវុធហត្ថឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ឈ្មោះ ផាត ផានណូ បញ្ជាក់ថា រូបគេសព្វថ្ងៃបំរើការងារនៅកងយោធពលខេមភូមិន្ទ អង្គភាពនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ហើយឆ្លៀតពេលទំនេរពីការងារ បានទៅបំរើការផ្នែកសន្តិសុខកន្លែងក្លិបកំសាន្តមួយឈ្មោះ នឹកX នៅពេលយប់ អស់រយៈពេលប្រហែល២ទៅ៣ខែមកហើយ ។ លុះដល់នៅថ្ងៃខែខាងលើ ខ្លួនចេញពីកន្លែងធ្វើការដោយជិះម៉ូតូទៅដល់មុខផ្ទះ ស្រាប់តែឃើញក្មេងស្ទាវ១ក្រុមប្រហែល៣.៤ នាក់ រត់ចេញពីផ្លូវឌឿងហែមសំដៅមករកខ្លួន មិនដឹងជាមានបំណងអ្វី ឃើញដូច្នោះ ខ្លួនក៏ដកអាវុធខ្លីពីចង្កេះបាញ់ឡើងលើចំនួន៥ គ្រាប់ តែមិនបណ្តាលឲ្យមានរបួសអ្នកណាម្នាក់ទេ ពេលនោះក្មេងស្ទាវមួយក្រុមនោះ បានរត់បាត់ខ្ចាត់ខ្ចាយអស់ទៅ ហើយខ្លួនក៏បានចាក់សោរទ្វារផ្ទះបំណងចូលទៅសំរាក ។ លុះបន្តិចក្រោយមកស្រាប់តែកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ទៅហៅ និងនាំខ្លួនយកទៅសាកសួរករណីផ្ទុះអាវុធកាលពីយប់នោះ ។ ជនបង្កបានប្រាប់មន្ត្រីអាវុធហត្ថទៀតថា កន្លងមកកាលពីចុងខែមីនា ឆ្នាំ២០២៤ ខ្លួនធ្លាប់បានផ្ទុះអាវុធម្តងនៅក្នុងផ្ទះចំនួន១ គ្រាប់ មូលហេតុដោយសារក្នុងគ្រួសារមិនខ្វាយខ្វល់ពីសុខភាពរបស់ខ្លួន ទើបខ្លួនតូចចិត្តចង់បាញ់សម្លាប់ខ្លួនឯង ហើយក៏បាញ់ឡើងលើចំនួន ១គ្រាប់ តែមិនបណ្ដាលឱ្យរបួសអ្នកណាទេ ។ អាវុធខ្លីម៉ាក CZ P.07 នេះខ្លួនបានទិញពីបុរសម្នាក់នៅម្ដុំក្លិបកម្សាន្តនឹកX ក្នុងតម្លៃ១៥០០ ដុល្លារអាមេរិក តាំងពីទិញអាវុធខ្លីនេះមក ខ្លួនពុំដែលបានជួបបុរសនោះទេ ចំពោះលេខទូរស័ព្ទក៏គ្មានដែរ ។
ក្រោយពីសាកសួរ សមត្តកិច្ចអាវុធហត្ថខណ្ឌ៧មករា បានបញ្ជូនជនសង្ស័យ និងវត្ថុតាង(អាវុធនិង គ្រាប់) ទៅការិយាយល័យជំនាញបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ទីបញ្ជាការកងរាជរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕
ដោយ៖ រ៉ារ៉ា