ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះភោជនីយដ្ឋានមួយកន្លែងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ភោជនីយដ្ឋានមួយកន្លែងមាន យីហោ ម្ហូបធម្មជាតិ ត្រូវបានអគ្គិភ័យឆាបឆេះ​ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនាំគ្នាជួបពន្លត់។ 

 ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី០៤ ខែឧសភាឆ្នាំ ២០២៤ ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃេីញមានផ្សែងលាយឡំនិងអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពី ក្យូសមួយទៅក្យូសមួយ ភ្លាមៗនោះបានប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ប៉ុន្តែមិនអាចគ្រប់គ្រងបានដោយសារតែក្យូសត្រូវបានអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅយ៉ាងលឿន។ ពេលនោះអាជ្ញាធរមូលដ្ឋានក៏បានទំនាក់ទំនងទៅនឹងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិង រថយន្តពន្លត់អគ្គិភ័យ អង្គភាព៧១១ កងពលតូចលេខ៧០ បានចេញរថយន្តព្រមគ្នា ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

មន្ត្រីជំនាញបានឲ្យដឹងថាក្នុងហេតុការណ៍នេះមានផលលំបាកដោយសារតែទីតាំងនៃការឆាបឆេះមានផ្លូវតូចចង្អៀតហើយនិងស្ថានភាពនៃការឆាបឆេះអណ្ដាតភ្លើងឆាបឆេះនៅក្យូសនៅក្នុងហាងដោយមានការរាលដាលយ៉ាងឆាប់រហ័សប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសនិងរាលដាលដល់ផ្ទះពលរដ្ឋជិតខាងឡើយ។

ក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញបានឲ្យដឹងថាក្នុងភោជនីយដ្ឋានខាងលើគឺមានក្យូសចំនួន០៩ និងត្រូវបានឆាបឆេះអស់ចំនួន០៦។ ចំពោះមូលហេតុនោះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖