ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាគេចពីការពិនិត្យអាវុធជាតិផ្ទុះនិងជាតិស្រវឹង នគរបាលតាមចាប់បាន ដកហូតបានកាំភ្លើងខ្លី១ដើម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យចំនួនពីរនាក់រួមជាមួយនិងកាំភ្លើងខ្លី១ដើម ព្រមទាំងសម្ភារៈវត្ថុតាងមួយចំនួនទៀត កសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលក្រុមជនសង្ស័យព្យាយាមជិះម៉ូតូឌុបគ្នាគេចខ្លួនពីការត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិស្រវឹង។

ការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០២នាក់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នៅ ត្រង់ចំនុចផ្លូវលេខ១០៥ កែងលេខ១០៥A ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលក្រុងច្បារមន បានឱ្យដឹងថាក្រុមជនសង្ស័យដែលឃាត់ខ្លួនបាននោះទី០១-ឈ្មោះ ធឹម លីហ័រ  ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសំបួរ ឃុំជើងរាស់ ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។

ចំណែកទី០២-ឈ្មោះ ផៃ ភក្តី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពី។ 

ក្រោយឃាត់ខ្លួននគរបាលដកហូតវត្ថុតាងរួមមាន÷

១-កាំភ្លើងខ្លី ម៉ាក K-54 មានបង់មួយ គ្រាប់ ចំនួន ០២គ្រាប់។

២-ទូរស័ព្ទដៃ ស្មាតហ្វូន ម៉ាក ( Realme ) ពណ៌បៃតង។

៣-ផៅវ័រប៊េង ពណ៌ខ្មៅ  ចំនួន ១ ។

៤-ម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤

៥-កាតសមាជិក ធានារ៉ាប់រង ២សន្លឹក(ប្រូសូរ អុិន សូរេន កម្ពុជា និងធានារ៉ាប់រង ម៉ូតូ ហ្វីលី)។

៦-វីសា កាត ១សន្លឹក ។

៧-កាតបើកលុយ វីង ចំនួន ១សន្លឹក ។

៨-ទូរស័ព្ទដៃ ណូគា ១២៨០(ចុចពិល)២គ្រឿង ។

៩-ជំពាម ១ មានគ្រាប់ដែក មូល ចំនួន ៣គ្រាប់ ។

១០-ដែកកេះ ពណ៌ ស ១ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងច្បារមន បានដាក់គោលដៅ ចរាចរណ៍ ត្រួតពិនិត្យ ជាតិស្រវឹង ជាតិផ្ទុះ សារធាតុញៀន នៅ ពេលយប់ នៅចំណុចគោលដៅខាងលើ ពេលនោះជនសង្ស័យ ក៏បានបត់ម៉ូតូ គេច តែកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានដេញតាម ទើបឃាត់ខ្លួនបាន បច្ចុប្បន្នជនទាំង២ ខាងលើ កំពុងធ្វើសាកសួរ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖