ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ករណីហិង្សាធ្វើឱ្យមានរបួសស្នាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីហិង្សាធ្វើអោយមានរបួសស្នាមនៅការដ្ឋានសំណង់មួយកន្លែងជាប់ព្រំដែន​កម្ពុជាវៀតណាម​ មានកម្មករឈ្លោះគ្នាបង្កជាហិង្សាធ្វើអោយមានរបួសស្នាម នៅស្រុកចន្ទ្រា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០៤ ខែឧសភា​  ឆ្នាំ២០២៤ ស្ថិតនៅភូមិចេក​ ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង​។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះ ចិន​ វាស្នា  អាយុ៣៣ឆ្នាំ​ មុខរបរកម្មករសំណង់​ មានទីលំនៅភូមិចេក​ ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង​។

ចំណែកជនរងគ្រោះមានឈ្មោះ តុញ​ ផល​  អាយុ៣៤ឆ្នាំ​ មុខរបរកម្មករសំណង់​  មានទីលំនៅភូមិត្រពាំងថ្ម ឃុំល្បេីក ស្រុកឈូក ខេត្តកំពត​ បណ្ដាលអោយរងរបួសធ្ងន់ ។

ប្រភពបន្តថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វេីការស្រាវជ្រាវរកជនបង្ក និងឃាត់ខ្លួនមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ប្រពន្ធជនរងគ្រោះ​ឈ្មោះ​ អឿង​ ណាច បានប្រាប់ថា​​ ប្ដីរបស់ខ្លួន​ឈ្មោះ តុញ ផល  និង ឈ្មោះ​ ចិន​ វាស្នា​ បានផឹកស្រា​តាំងពីថ្ងៃ(តែមិនមែនផឹកជាមួយគ្នាទេ) ដល់វេលាម៉ោងប្រហែល១៦​ នាថ្ងៃខែឆ្នាំដដែល ប្ដីរបស់ខ្លួន​ និង ឈ្មោះ​ ចិន​ វាស្នា​ ក៏បានជួបមុខគ្នា ហើយបានឈ្លោះប្រកែកពាក្យសម្ដី​និងគ្នាទៀត ឈ្មោះ​ ចិន​ វាស្នាក៏បានវាយប្ដីរបស់ខ្លួន​ ចំភ្នែកខាងស្ដាំ​ បណ្ដាលអោយហេីមភ្នែក​ ខ្លួនក៏បាននាំប្ដីទៅពេទ្យដេីម្បីព្យាបាល​ និង​ លាងរបួស​​ ។

ពេលត្រឡប់មកដល់កន្លែងសម្រាកវិញ​ ពេលងូតទឹករួចប្ដីខ្លួនក៏បានដេកក្នុងបន្ទប់​ ស្រាប់តែឈ្មោះ​ ចិន​ វាស្នា​ បានមករករឿងប្ដីខ្លួនទៀត ហើយយកដែកសម្រាប់បៀកថ្នាំ​ ហេីយមកសួរខ្លួនថា​ អាណាជេរអញ ចង់មិច​ ខ្ញុំក៏បានដេញអោយគាត់ទៅសម្រាកទៅ​ តែឈ្មោះ​ ចិន​ វាស្នា​ នៅតែសួរដដែលទៀត​ ប្ដីខ្លួនខឹងទ្រាំមិនបានក៏ចុះទៅសួរ ក៏ត្រូវបាន​ ឈ្មោះ​ ចិន​ វាស្នា​ យកដែកបៀកថ្នាំដែលវាកាន់មកនោះ​ វាយមកលេីប្ដីខ្លួន​ចំដៃខាងស្ដាំ​ បណ្ដាលអោយដាច់សាច់​ជាច្រេីនកន្លែង​ ហូរឈាមយ៉ាងច្រេីនរងរបួសធ្ងន់​ ប្ដីខ្លួនក៏បានលើកដៃរង​ ហេីយក្រវៀសដៃទៅ​ ដែកបៀកថ្នាំនោះក៏ត្រូវករដៃស្ដាំរបស់ឈ្មោះ​ ចិន​ វាស្នា​ បណ្ដាលអោយត្រូវប្រអប់ដៃវា ហូរឈាមដែរទៅ​ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន  

 


ចែករំលែក៖