ព័ត៌មានទាន់ហេតុការណ៍៖

បុរសពោះម៉ាយមានបញ្ហាសតិទៅដេកកណ្តាលផ្លូវត្រូវរថយន្តបើកកិនក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ត្រូវបានគេអះអាងថាមានបញ្ហាសតិបានទៅដេកកណ្តាលផ្លូវ ត្រូវរថយន្តបើកកិនខ្ទេចក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្តបើកគេចទៅបាត់។

   ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងវត្តអង្គត្រកៀត ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

   សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សំ រ័ត្ន អាយុ៤០ឆ្នាំ មុខរបរសន្តិសុខ យាមពេលថ្ងៃនៅក្រុមហ៊ុនកុងតឺន័រកន្លែងកើតហេតុ ជាបុរសពោះម៉ាយ ប្រពន្ធសុំលែង ស្នាក់នៅផ្ទះជួលក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។

   ប្រភពព័ត៌មានពីសន្តិសុខធ្វើការជាមួយគ្នាបានឱ្យដឹងថា ជនរងគ្រោះតាំងពីប្រពន្ធសុំលែងច្រើនខែមកបានរស់នៅតែម្នាក់ឯង (មានបញ្ហាផ្លូវចិត្ត) សឹងក្លាយជាមនុស្សវិកលចរិតទៅហើយ  ដោយឃើញនៅម្នាក់ឯងអាណិត ក្រុមហ៊ុនបានទុកឱ្យនៅបន្តធ្វើការងារយាមក្រុមហ៊ុនកុងតឺន័រពេលថ្ងៃ ។

   បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ គេឃើញជនរងគ្រោះដេកនៅកណ្តាលផ្លូវបេតុង ខាងមុខច្រកចូលផែកុងតឺន័រ លុះមកដល់ម៉ោង៤ព្រឹក ស្រាប់តែប្រទះឃើញស្លាប់ ក្នុងសភាពខ្ទេចក្បាល ធ្លាយខួរ ស្នាមរថយន្តបើកកិន ។

   បច្ចុប្បន្នសពជនរងគ្រោះត្រូវបាននគរបាលជំនាញចរាចរណ៍ខណ្ឌកំបូលចុះទៅពិនិត្យ ដោយរកសាច់ញាតិមិនទាន់ឃើញ ទើបដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវស្វែងរកក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖