ភ្នំពេញ ៖ នារីម្នាក់បានស្លាប់និងមនុស្សប្រុសស្រី២នាក់ទៀតរបួសធ្ងន់ ខណៈបើកម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ មុខក្រុមហ៊ុនផែស្ងួត ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ អុឹម កញ្ញា ហៅស្រីពេជ្រ ហៅស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្នាទង ឃុំកុមាររាជា ស្រុកបាទីខេត្តតាកែវ ជាអ្នកបើកបរម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1KK-7848 ។ ចំណែកជនរងគ្រោះ២នាក់ទៀតរងរបួសធ្ងន់ មានឈ្មោះ ធី ស្រីនា ហៅ មិនា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ និង ម្នាក់ទៀតឈ្មោះ នី សាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមជនរងគ្រោះមានគ្នា៦នាក់ ប្រុស៣នាក់ ស្រី៣នាក់ ជិះម៉ូតូ២គ្រឿងចេញពីផ្ទះនៅស្រុកបាទី ក្នុងគោលបំណងទៅដើរលេងក្នុងរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើង ដោយម៉ូតូមួយគ្រឿងបានជិះទៅមុនបាត់ នៅម៉ូតូជនរងគ្រោះជិះតាមក្រោយ ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ បណ្តាលឱ្យនារីរងគ្រោះជាអ្នកបើកម៉ូតូបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នករួមដំណើរប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ រីឯរថយន្តបានបន្តបើកគេចទៅបាត់ ។ ចំណែកម៉ូតូមិត្តភក្តិមួយគ្រឿងទៀតដែលជិះទៅមុន ដោយបាត់មិត្តភក្តិជិះម៉ូតូមួយគ្រឿងទៀតយូរពេក ក៏វិលត្រឡប់ក្រោយមកវិញ ទើបដឹងថា មិត្តភក្តិជួបគ្រោះថ្នាក់ចរាចរណ៍។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះ របួសធ្ងន់២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកសាកសពនារីម្នាក់ស្លាប់នៅនឹងកន្លែង ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌនិងបន្តស្រាវជ្រាវស្វែងរករថយន្តមកដោះស្រាយតាមនីតិវិធីបន្ត៕
ដោយ៖ជ្រោយពេជ្រ