ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូវ៉ាជែងចូលប្រឡោះរថយន្តគាបជាប់រងរបួសបាក់ជើងឆ្វេង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូហុងដាឌ្រីម ប្រញាប់លឿនជ្រុលជិះវ៉ាជែងចូលប្រឡោះរថយន្តកំពុងបើក២គ្រឿងទន្ទឹមគ្នា មិនផុតបណ្តាលឱ្យគាបបាក់ជើងឆ្វេង ម៉ូតូខូចខ្ទេចមួយកំណាត់មុខ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ ខណៈដែលនៅលើដងផ្លូវកំពុងមមាញឹកដោយរថយន្តតូចធំ គេឃើញជនរងគ្រោះសង្ស័យប្រញាប់ពេក ចិត្តស្លុយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Q-4680 ធ្វើដំណើរពីត្បូងទៅជើងដល់ចំណុចកើតហេតុ ចិត្តហ៊ានបើកវ៉ាជែងជិះចូលប្រឡោះរថយន្តធុនធំ២គ្រឿងដែលកំពុងបើកទន្ទឹមគ្នាពីត្បូងទៅជើង តែជែងមិនផុតគាបជាមួយរថយន្តមួយគ្រឿងកុងតឺន័រ មួយគ្រឿងដឹកទំនិញ បណ្តាលឱ្យរងរបួសបាក់ជើងឆ្វេង ម៉ូតូខ្ទេចមួយកំណាត់មុខ រថយន្តទាំង២គ្រឿងបន្តបើកទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖