ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តពន្យល់ពីគម្រោងព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនាមអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជាបានបន្តជួបប្រជុំ ផ្សព្វផ្សាយដើម្បីពន្យល់ បំភ្លឺពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងសិក្សាដោយកម្ពុជា និងត្រូវអនុវត្តដោយក្រុមហ៊ុនរបស់ចិនក្នុងទឹកប្រាក់ប្រមាណ១ .៧០០លានដុល្លារ។ ក្នុងនោះកាលពីព្រឹកថ្ងៃទី៣ខែឧសភា កន្លងទៅ នៅសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា-វត្តភ្នំលោកបានរៀបចំកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត ឯកអគ្គ រាជទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ សរុប ២៤ ប្រទេស ក្នុងគោលបំណងពន្យល់និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ និងព្រឹកថ្ងៃទី៧ ខែឧសភា ដដែលនោះ  មានវេទិកាពិភាក្សាជាមួយក្លឹបអ្នកកាសែតកម្ពុជាស្តីពី«ស្ថានភាពវិនិយោគនៅកម្ពុជានិងវឌ្ឍនភាពគម្រោងព្រែកជីកហ្វូណនតេជោ»ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងសម្របសម្រួលដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(CCJ) ។

នៅថ្ងៃបន្ទាប់ (៤ខែឧសភា)លោកនឹងបន្តយកប្រធានបទនេះទៅផ្សព្វផ្សាយដល់និស្សិតដែលមកពីគ្រឹះស្ថានឧត្តមសិក្សានានា ។

គួររំលឹកដែរថា ការពន្យល់និងបង្ហាញព័ត៌មានបែបនេះសង្ខេបក៏បានធ្វើរួចហើយដែរជូនលោកឧបនាយករដ្ឋមន្ត្រី វ៉ាង យី  រដ្ឋមន្ត្រីក្រសួងការបរទេសចិន ខណ:លោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ ផងដែរ។

ពោលគឺបន្ទាប់ពីបានធ្វើលើកទី១ នៅទីស្តីការគណ:រដ្ឋមន្ត្រីកាលពីឆ្នាំ២០២៣ ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដឹកជញ្ជូនផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រកម្ពុជា ដែលមានគុណប្រយោជន៍មហាសាលពាក់ព័ន្ធការធ្វើពាណិជ្ជកម្មរបស់កម្ពុជានេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយបញ្ជៀសទឹកជំនន់ពីប៉ែកខាងត្បូងរាជធានីភ្នំពេញ ភូមិសាស្ត្រស្ទឹងព្រែកត្នោត ជួយឱ្យរាជធានីភ្នំពេញ និងខេត្តកណ្តាលលែងលិចលង់ដោយសារជំនន់ទឹកភ្លៀងផងដែរ។

គម្រោងនេះពុំមានផលប៉ះពាល់នៅកម្ពុជា ក៏អត់ប៉ះពាល់ដល់វៀតណាមដែរ ។ផ្ទុយទៅវិញគម្រោងនេះនឹងជួយបង្កើតជម្រកថ្មីសម្រាប់ជីវចម្រុះ មានត្រី បក្សី វារីសត្វ វារីរុក្ខជាតិ និងសត្វល្មូន ជួយរក្សានិរន្តភាពបរិស្ថាន រំហូរទឹក ចំណីធម្មជាតិ កាត់បន្ថយគ្រោះទឹកជំនន់ និងរាំងស្ងួត គឺមានទឹកពេញរហូត។

សូមរំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់ សមុទ្រ របស់កម្ពុជា ដោយ ឆ្លង កាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ប្រវែង ប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ ទុន ប្រមាណ១ ៧០០លាន ដុល្លារ អាមេរិក ហើយត្រូវបានកម្ពុជាសិក្សាគម្រោងល្អិតល្អន់រួចហើយដោយប្រើរយៈពេលប្រមាណ២៦ខែ។ គម្រោងនេះមានជម្រៅទឹកត្រឹមតែ៥.៤ម៉ែត្រប៉ុណ្ណោះ។

ព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី   បច្ចុប្បន្នប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថាមានផលប្រយោជន៍យ៉ាងហោចណាស់ចំនួន៤ រួមមាន៖

ទី១៖ បង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រទាក់ក្រឡាគ្នាពីទន្លេទៅសមុទ្រ ដោយមិនបាច់ឆ្លងកាត់វៀតណាម មិនបាច់បង់ថ្លៃបន្ថែម ឬមិនខកដំណើរពេលវៀតណាម មិនសប្បាយចិត្ត។ ទី២៖ បង្កើតប្រភពទឹកសម្រាប់ការស្រោចស្រពនៃទិសនិរតីនៃប្រទេសកម្ពុជា។ បង្កើនលទ្ធភាពបង្កបង្កើនផលច្រើនដង និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត។ ទី៣៖ ជួយរំដោះទឹកជំនន់នៅតាមខេត្តទិសនិរតីនៃប្រទេសកម្ពុជា។ ទី៤៖ បង្កើតប្រភពត្រីក្នុងព្រែក និងបម្រើដល់វារីវប្បកម្ម (ការចិញ្ចឹមសត្វក្នុងទឹកដូចជាចិញ្ចឹមត្រី)។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយអ្នកជំនាញអន្តរជាតិមកពីគ្រប់ភាគីពាក់ព័ន្ធជិត៥០នាក់ កម្ពុជាបានសិក្សាផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន-តេជោរួចអស់ហើយ គឺប៉ះផ្ទះពលរដ្ឋជាង១៥០០ខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធតិចណាស់  ពោលគឺគម្រោងនេះមានផលប៉ះពាល់តិចតួចបំផុត។ ស្ពាន៣កន្លែង រោងចក្រ១ ដីលំនៅឋាន១៤៩.៥ហិកតា ,ផ្លូវជាតិ១៨ខ្សែ ប្រវែង៤គីឡូម៉ែត្រ ,ផ្លូវលំ៧០ខ្សែប្រវែង៤៥គីឡូម៉ែត្រ ,ទំនប់ទឹក២ខ្សែ ប្រឡាយទឹក១៣ខ្សែ ដីស្រែ២.៩ពាន់ហិកតា»។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដីស្រែ២.៩ពាន់ហិកតា បើមើលតាម ហ្គូហ្គល(Google )សុទ្ធតែទឹកទាំងអស់ ។ ដូចនេះគម្រោងព្រែកជីកហ្វូណនតេជោនេះ មិនមានផលប៉ះពាល់អីធ្ងន់ធ្ងរនោះទេ ។ ពាក់ព័ន្ធនឹងផលប៉ះពាល់នេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជូនឯកសារទាំងអស់ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផែនទីពាក់ព័ន្ធ ដែលមានតួនាទីដោះស្រាយផលប៉ះពាល់ទៅតាមច្បាប់។

លោកឧបនាយករដ្ឋមន្ត្រីបានសំណូមពរថា កុំរត់ទៅទិញដីនៅតាមបណ្ដោយព្រែកទាំងនោះឱ្យសោះ ព្រោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យបង្កកដីទាំងនោះអស់ហើយ ផ្ទុយទៅវិញសូមចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើគម្រោងព្រែកជីកហ្វូណន-តេជោនេះឱ្យបាន។

បើយោងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងព្រែកជីកហ្វូណន-តេជោនឹងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាយ៉ាងតិចមួយម៉ឺននាក់ ព្រមទាំងអ្នកបច្ចេកទេសនៃក្រសួង ស្ថាប័នរបស់កម្ពុជាខ្លះដែរ ហើយនេះជាឱកាសចូលរួមកសាងស្នាដៃធំធេងក្នុងប្រវត្តិសាស្ត្រជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖