ទីក្រុងហ្សឺណែវ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសតែមួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធការតម្កល់បទចោទប្រកាន់លើលោកស្រី ឈឹម ស៊ីថរ របស់តុលាការកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន «ការចូលរួមប្រកបដោយបរិយាបន្នក្នុងសង្គមប្រជាធិបតេយ្យ សម្រេចទៅបានដរាបណាបុគ្គលគ្រប់រូបអនុវត្តសិទ្ធិរបស់ខ្លួនដោយការទទួលខុសត្រូវ» ។
ទីក្រុងហ្សឺណែវ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ សូមបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសតែ មួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធការ តម្កល់បទចោទប្រកាន់លើលោកស្រី ឈឹម ស៊ីថរ របស់តុលាការកម្ពុជា។ ដូច្នេះ ស្ថានបេសកកម្ម អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាមានភាពចាំបាច់ផ្តល់ការបំភ្លឺដូចខាងក្រោម៖
1. ការអំពាវនាវឱ្យដោះលែងលោកស្រី ឈឹម ស៊ីថរ “ជាបន្ទាន់” ឬ “អាជ្ញាធរឱ្យលុបចោលការ ផ្តន្ទាទោសទាំងអស់” គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការ កម្ពុជា។ សេចក្តីសម្រេចរបស់តុលាការគឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាម នីតិវិធីដ៏ត្រឹមត្រូវបំផុត។ ភាពចាំបាច់នៃគោលការណ៍បែងចែកអំណាចនៅក្នុងប្រព័ន្ធប្រជា ធិបតេយ្យគឺការធានាឯករាជ្យភាពរបស់តុលាការ ដោយគ្មានអាជ្ញាធរណាផ្សេងទៀតអាច ជ្រៀតជ្រែក ឬដាក់សម្ពាធលើតុលាការឱ្យទម្លាក់ការចោទប្រកាន់ ឬលុបចោលការផ្តន្ទាទោស នោះទេ។ ការសម្រេចបែបណានោះគឺស្ថិតនៅក្នុងអំណាចឆន្ទានុសិទ្ធិរបស់តុលាការទាំង ស្រុង។ លោកស្រី ឈឹម ស៊ីថរ និងអ្នកផ្សេងទៀតបានធ្វើកូដកម្មជាច្រើនខែ ដោយខុសច្បាប់ និងដោយមានការឧបត្ថម្ភគាំទ្រពីបរទេស កាលពីចុងឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសពី បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវបានផ្តន្ទាទោស ស្របតាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកស្រីត្រូវបានដោះលែង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយត្រូវឃុំខ្លួនជាបន្តទៀតបន្ទាប់ពីបានបំពានកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមបញ្ញត្តិ មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
2. ផ្ទុយពីការចោទប្រកាន់របស់អ្នកនាំពាក្យខាងលើ សមាជិកសហជីពត្រូវបានផ្តន្ទាទោសពី បទល្មើសដែលពួកគេបានប្រព្រឹត្តកំហុស មិនមែន “ដោយសារការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្តុំដោយសន្តិវិធី និងបង្កើតសមាគម នោះទេ។ ការញុះញង់បង្កភាពវឹកវរដល់សន្តិសុខ សង្គម គឺមិនមែនជាការអនុវត្តសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនោះទេ ហើយក៏មិនស្របតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ ពលរដ្ឋ និងនយោបាយ ដែរ។
3. នៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងសង្គមប្រជាធិបតេយ្យផ្សេងទៀតដែរ បុគ្គលទាំងនោះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ មិនមែនផ្អែកលើសម្ព័ន្ធនយោបាយ ឬតួនាទីជាសហជីព នោះទេ។ បទចោទប្រកាន់កើតចេញពីការប្រព្រឹត្តបទល្មើសនឹងច្បាប់តែប៉ុណ្ណោះ។ ប្រសិនបើ បុគ្គលណាម្នាក់ដឹកនាំ ឬរៀបចំកូដកម្មដោយខុសច្បាប់ ឬធ្វើបាតុកម្មដោយប្រើហិង្សា បង្ក គ្រោះថ្នាក់ដល់សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឬដល់សិទ្ធិនិងសេរីភាពរបស់អ្នក ដ៏ទៃ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ទាំងអនុសញ្ញាលេខ ៨៧ ស្តីពីសេរីភាព នៃសមាគម និងការការពារសិទ្ធិនៃការបង្កើតសមាគម ឬស្តង់ដារអន្តរជាតិស្តីពីការងារផ្សេង ទៀត ក៏ពុំមានផ្តល់សិទ្ធិដល់មេដឹកនាំសហជីព ឬសមាជិកសហជីពឱ្យប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌដោយនិទណ្ឌភាពនោះទេ ។
4. កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះពហុនិយម បរិយាបន្ន និងនីតិរដ្ឋ ស្របជាមួយការប្តេជ្ញាចិត្ត ក្នុងការជំរុញសង្គមប្រជាធិបតេយ្យសេរី ដែលសំឡេង និងមតិចម្រុះត្រូវបានគោរព។ កម្ពុជា ជឿជាក់ថា ការចូលរួមប្រកបដោយអត្ថន័យ និងបរិយាបន្ន នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ នឹងសម្រេចទៅបានដរាបណាបុគ្គលគ្រប់រូប ដោយមិនគិតពីឋានៈ និងនិន្នាការ រួមគ្នាអនុវត្តសិទ្ធិនិងសេរីភាព ប្រកបដោយការទទួលខុសត្រូវ ក្នុងព្រំដែននៃនីតិរដ្ឋ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ ស្នើការិយាល័យឧត្តមស្នង ការទទួលបន្ទុកសិទ្ធិមនុស្សគោរពឱ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេច A/RES/48/141 ដែលបាន កំណត់អណត្តិការងាររបស់ការិយាល័យនេះ ដោយត្រូវគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានកាតព្វកិច្ចគោរពអធិបតេយ្យភាព និងយុត្តាធិការក្នុងស្រុករបស់រដ្ឋសមាជិក៕
ដោយ ៖ សិលា