ខេត្តរតនគិរី៖ ឈើជ្រុងផែរួចជាច្រើនកំណាត់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងជំនាញបរិស្ថានចុះស្រាវជ្រាវត្រួតពិនិត្យរុករកបទល្មើសព្រៃឈើបានប្រទះឃើញដែលក្រុមឈ្មួញជាជនមិនស្គាល់មុខបានដឹកមកទម្លាក់ចោលក្នុងព្រៃក្បែរចម្ការមួយកន្លែង។
គំនរឈើដែលកម្លាំងសមត្ថកិច្ចប្រទះឃើញនោះគឺនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២៤ត្រង់ចំណុចព្រៃក្បែរចម្ការមួយកន្លែង ស្ថិតក្នុងភូមិតាកុកភ្នង ឃុំបរខាំស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ការរុករកបទល្មើសព្រៃឈើដែលបានប្រទះឃើញឈើជ្រុងផែរួចជាច្រើនកំណាត់នេះដោយមានការទទួលបទបញ្ជាពីលោកសោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ថរតនគិរីក្រោមការសម្របសម្រួលនិតិវិធីលោក កែវ ភក្តីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគីរី លោក ហ្លីនត្វាន អភិបាលរងស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ និងជំនាញបរិស្ថាន ចុះស្រាវជ្រាវត្រួតពិនិត្យរុករកបទល្មើសព្រែឈើ។
តាមប្រភពការរុករកនោះក៏បានប្រទះឃើញឈើជ្រុងផែរួចជាប្រភេទឈើ ឈ្លីកនិងឈើផ្ចឹកដែលមានមុខកាត់ចាប់ពី៣០សង់ទីម៉ែត្រទៅ៤០សង់ទីម៉ែត្រមានចំនួន៤៦កំណាត់ដែលមានប្រវែងពី៣ម៉ែត្រទៅ៥ម៉ែត្រឯណោះ ប៉ុន្តែមិនទាន់បានវាស់វែងនៅឡើយទេ។
ឈើទាំងនោះជាឈើដែលជនក្រុមឈ្មួញមិនស្គាល់មុខបានដឹកយកមកទម្លាក់ទុកក្នុងព្រៃក្បែរចម្ការមួយកន្លែងស្ថិតនៅភូមិឃុំខាងលើ។
ប្រភពបានបញ្ជាក់ថា បច្ចុប្បន្នជំនាញបរិស្ថានកំពុងដឹកជញ្ជូនវត្ថុតាងទៅរក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ មើម្បីបន្តនីតិវិធីតាមច្បាប់ព្រៃឈើ៕
ដោយ ៖ ជីវ័ន្ត