ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងចំនួន៣ ព្រមព្រៀងគ្នា៤ចំណុច ស្តីពី «ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក»

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងចំនួន៣ រួមមាន ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូង ស្តីពី «ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក»។

បន្ទាប់ពីបានស្តាប់បទបង្ហាញពីមន្ត្រីជំនាញមកពីក្រសួងទាំង៣ ព្រមទាំងឆ្លងកាត់ការពិភាក្សាយ៉ាងផុលផុស លោករដ្ឋមន្ត្រីទាំង៣រូប ជាសហប្រធានអង្គប្រជុំបានព្រមព្រៀងជាគោលការណ៍នូវចំណុចសំខាន់ចំនួន៤ រួមមាន៖

១. កំណត់គោលដៅយុទ្ធសាស្ត្រដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដោយដាក់កម្លាំងនិងធនធានរួមគ្នាដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។

២. ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញនិងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការនិងទម្លុះនូវភាពរាំងស្ទះទាំងឡាយដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។

៣. ផ្សារភ្ជាប់គម្រោងនិងកម្មវិធីគោលនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង៣ ដូចជាសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និង គម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា។ 

៤. ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការការងារបន្ត។

ខ្លឹមសារពិស្តារសូមអានសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងទាំង៣…! 

ដោយ ៖ សិលា


ចែករំលែក៖