ខេត្តសៀមរាប ៖ លោក ហ៊ុន ម៉ានី កាលពីម្សិលមុិញ បានបញ្ជាក់ឲ្យសមាជិកទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ានី ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំក្រុមការងារមហាជនខេត្តសៀមរាប គ្រប់លំដាប់ថ្នាក់ទាំងអស់ រក្សាឲ្យបាននូវសាមគ្គីផ្ទៃក្នុង និងការអនុវត្តគោលការណ៍ផ្សេងៗ ដែលបានដាក់ចេញដោយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងចូលរួមបំផុស និងផ្សព្វផ្សាយ ទៅដល់សមាជិក សមាជិកាគណបក្ស ឲ្យស្វែងយល់ និងគាំទ្រដល់វិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកឡើងពីការប្តេជ្ញាចិត្តចំពោះការអនុវត្តគម្រោងព្រែកជីក ហ្វូណន-តេជោ របស់សម្តេចតេជោ កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅ។
លោកបានរំឭកឡើងវិញ នូវប្រសាសន៍របស់សម្តេចធិបតី ដែលជាសារដាស់តឿន ដល់សមាជិក សមាជិកាទាំងអស់ថា «ជំនឿទុកចិត្តដែលបានមកពីប្រជាជន ត្រូវការកសាងជាប្រចាំ ហើយត្រូវការពេលវេលាយូរ ដើម្បីទទួលបាន»។
សូមបញ្ជាក់ថា ពិធីសំណេះសំណាលខាងលើ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធ និងតួនាទីរបស់ការងារចលនាមហាជនរបស់គណបក្សនៅថ្នាក់មូលដ្ឋានរបស់គណបក្ស ដើម្បីរួមចំណែកដល់ការធានាជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតនាពេលខាងមុខ៕
ដោយ ៖ សិលា