ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើតេស្ត រកសារធាតុញៀនក្នុងក្របខណ្ឌនៃមន្ត្រីរាជការក្រសួងព័ត៌មាននៅថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ នេះនៅទីស្តីការក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងព័ត៌មានបានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំធ្វើតេស្ត រកសារធាតុញៀនក្នុងក្របខណ្ឌនៃមន្ត្រីរាជការក្រសួង ព័ត៌មាននៅថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ នេះនៅទីស្តីការក្រសួងព័ត៌មាន។ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ១៨៤០ នឹងត្រូវធ្វើតេស្តរកសារធាតុញៀន។ ជាយុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿង ញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានមាន ប្រសាសន៍ថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង ព័ត៌មាន គឺធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប កាលពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។​ លោករដ្ឋមន្ត្រីបានថ្លែងថា៖«យើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការធ្វើតេស្តរកសារធាតុញៀនទាំងអស់គ្នារាប់ទាំងរូបខ្ញុំផងដែរ»។  

ដើម្បីជាគំរូដល់មន្ត្រីរាជការដទៃទៀត លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសយងព័ត៌មាននិងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរនោះ បានធ្វើតេស្តស្វែងរកសារធាតុញៀន​ និងបន្តដោយថ្នាក់ដឹកនាំនិងមន្ត្រីរាជការមកពីអគ្គនាយកដ្ឋានជំនាញ។ លោករដ្ឋមន្ត្រីក៏បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទទួលបានលទ្ធផលល្អទាំងអស់គ្នា។ ជាមួយគ្នានេះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគោរពថ្លែងអំណរគុណ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានអនុញ្ញាតផ្តល់មន្ត្រីបច្ចេក ទេសជួយធ្វើតេស្តរកសាធារតុញៀន និងបានថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំនិងមន្ត្រី ទិប្រឹក្សា ជំនួយការទាំងអស់ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការបំពេញកាតព្វកិច្ចដ៏មានសារៈសំខាន់នេះ។​ 

តាមរយៈរបាយការណ៍លើកឡើងដោយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា គិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោម ជាតិ មួយ ចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិយោធិនព្រមទាំងមន្ត្រីជាប់កិច្ចសន្យា សរុបបានចំនួន​ ៥៦ ៤៤៥ រូប ក្នុងនោះមានលទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹក មូត្រ ចំនួន ៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។

ជាមួយជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា០១បបប្រកបដោយប្រសិទ្ធិភាពដោយ កៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម, សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព, ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕

ដោយ៖ សូរិយា


ចែករំលែក៖