ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីហិង្សានៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីហិង្សាដោយចេតនានៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី៧ខែឧសភាឆ្នាំ២០២៤នេះថាជនសង្ស័យមានឈ្មោះ​ ចិន​ វាស្នា ​ អាយុ៣៣ឆ្នាំ​ មុខរបរកម្មករសំណង់​ មានទីលំនៅភូមិចេក​ ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង​។

ចំណែកជនរងគ្រោះមានឈ្មោះ តុញ​ ផល​អាយុ៣៤ឆ្នាំ​ មុខរបរកម្មករសំណង់​ មានទីលំនៅភូមិត្រពាំងថ្ម ឃុំល្បេីក ស្រុកឈូក ខេត្តកំពត។

ប្រភពបន្តថា កាលពីថ្ងៃទី០៤ ខែឧសភា​  ឆ្នាំ២០២៤ វេលាម៉ោង៧និង១០នាទីយប់ សមត្ថកិច្ចបានទទួលព័ត៌មានថា​ នៅការដ្ឋានសំណង់មួយកន្លែងជាប់ព្រំដែន​កម្ពុជា-វៀតណាម​ មានកម្មករឈ្លោះគ្នាបង្កជាហិង្សាធ្វើអោយមានរបួសស្នាម។

កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វេីការស្រាវជ្រាវរកជនបង្ក និងជនរងគ្រោះ​បានដឹងថា ករណីខាងលេីបង្កឡេីងដោយជនសង្ស័យបានយកដែកសម្រាប់បៀកថ្នាំវាយទៅលេីជនរងគ្រោះបណ្ដាលអោយរងរបួសធ្ងន់ (ហើមភ្នែក និងរបួសដៃខាងស្ដាំ )។

​នៅចំពោះមុខសមត្ថកិច្ច ប្រពន្ធជនរងគ្រោះ​ឈ្មោះ​ អឿង​ ណាច បានប្រាប់ថា​​ ប្ដីរបស់ខ្លួនបានផឹកស្រា​តាំងពីថ្ងៃ(តែមិនមែនផឹកជាមួយគ្នាទេ) រហូតដល់វេលាម៉ោងប្រហែល៤រសៀលនាថ្ងៃខែឆ្នាំដដែល ប្ដីរបស់ខ្លួន​និង ជនសង្ស័យក៏បានជួបមុខគ្នា ហើយឈ្លោះប្រកែកពាក្យសម្ដី​គ្នាទៀត រហូតដល់វាយប្ដី​របស់ខ្លួនចំភ្នែកខាងស្ដាំ​ បណ្ដាលអោយហេីមភ្នែក​ ខ្លួនក៏បាននាំប្ដីទៅពេទ្យដេីម្បីព្យាបាល​និង​លាងរបួស​​។

ប្រភពបន្តថា ពេលត្រលប់មកដល់កន្លែងសម្រាកវិញ​ ពេលងូតទឹករួចប្ដីខ្លួនក៏បានដេកក្នុងបន្ទប់​ ស្រាប់តែជនង្ស័យ​បានបន្តមករករឿងប្ដីរបស់ខ្លួនទៀត ហើយយកដែកសម្រាប់បៀកថ្នាំ​មក​វាយលេីប្ដីរបស់ខ្លួន​ចំដៃខាងស្ដាំ​បណ្ដាលអោយដាច់សាច់​ជាច្រេីនកន្លែង​ ហូរឈាមរងរបួសធ្ងន់​៕

ដោយ៖ សុថាន


ចែករំលែក៖