ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលិកហាងម៉ាស្សា SK ម្នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន “ប្រើប្រាស់មូលប្បទានប័តគ្មានសាច់ប្រាក់”សែកស្អុយជិត២ ម៉ឺនដុល្លារអាមេរិក ។
ដោយទទួលបានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង ការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តម សេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលផែនការិយាល័យជំនាញព្រហ្មទណ្ឌ ។ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខហាងម៉ាស្សា SK ផ្លូវបេតុង (បឹងកក់) សង្កាត់ស្រះ ចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ពន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចាប់ ខ្លួនលេខ ៥៣៤ ក១.ដ.ច.ន ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ដោយលោក ហុក ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ អ៊ុច សាម៉េត ហៅ មានមាន ភេទ ស្រី អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកហាងម៉ាស្សា SK ស្នាក់ នៅបច្ចុប្បន្នផ្ទះជួល ផ្លូវលេខ១០០៧(ជិតផ្សារក្រមួន) សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
ដោយ ៖ រ៉ារ៉ា