ខេត្តព្រះវិហារ ៖ លោកគីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែឧសភាបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារសពនិងគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៧គ្រួសារនៅឃុំស្តៅ ស្រុកសង្គមថ្មី និងបន្តចុះសួរសុខទុក្ខគ្រួសាររងគ្រោះបណ្តាលមកពីអគ្គិភ័យឆេះការាសសាំង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រយង់ត្បូង(ចំណុចបេងដូប) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានចូលរួមសោកស្តាយជាមួយគ្រួសារដែលបានបាត់បង់សាច់ញាតិ និងបងប្អូនដែលបានខូចខាតនូវទ្រព្យសម្បត្តិ ដែលបានបណ្តាលមកពីខ្យល់កន្ត្រាក់និងបណ្តាលមកពីអគ្គិភ័យ។
ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្តក៏បានលើកឡើងថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។ ជាក់ស្តែងទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើសូមអោយបងប្អូនមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀងត្រូវបិទទូរស័ព្ទ ការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង១៧ គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ស្ថិតនៅក្នុងឃុំស្តៅ បានបណ្ដាលអោយមានមនុស្សស្លាប់ចំនួន១នាក់ ភេទស្រី អាយុ៦០ឆ្នាំ។
សម្ភារផ្ដល់ជូននាឱកាសនោះរួមមាន គ្រួសារសពទទួលបាន អង្ករ ១០០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកស៊ីអីវ១យួរ ទឹកសុទ្ធ ២កេស ឃីត១ និងថវិកាចំនួន ១លានរៀល។
គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៦គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ១យួរ ក្នុងនោះគ្រួសារ ដែលរលំផ្ទះ ៤គ្រួសារ ទទួលតង់ក្នុង១គ្រួសារៗចំនួន១បន្ថែមទៀត។
នៅរសៀលថ្ងៃដដែលនេះផងដែរគណៈកម្មាធិការសាខា ដែលមាន លោក យ៉ុង គឹមហ៊ន ជានាយកប្រតិបត្តិសាខា បានទទួលបទបញ្ជាពីលោកគីម រិទ្ធី បន្តនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ ចំនួន ១០ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាតចំនួន៧គ្រួសារ។
សម្រាប់សម្ភារៈដែលបានផ្ដល់ជូននាឱកាសនោះ រួមមាន គ្រួសារដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង១០ គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ថវិកា ១០ម៉ឺនរៀល ក្នុងនោះគ្រួសារចំនួន៣ ដែលរលំផ្ទះ ទទួលបានតង់ម្នាក់១ បន្ថែមទៀត។
បន្ថែមពីនេះទៀត លោក គីម រិទ្ធី តាមរយៈក្រុមការងារបានបន្ថែមជូននូវថវិកាផ្ទាល់ខ្លួនរបស់លោកដល់គ្រួសារដែលរងគ្រោះចំនួន៨គ្រួសារ និងគ្រួសារដែលមានជីវភាពខ្វះខាតចំនួន៧គ្រួសារដោយក្នុង១គ្រួសារៗ ទទួលបានថវិកា៤០ម៉ឺនរៀល និងបានផ្ដល់ជូនស័ង្កសីសម្រាប់គ្រួសាររលំផ្ទះក្នុង១ គ្រួសារៗចំនួន២០សន្លឹក គ្រួសាររងផលប៉ះពាល់ទទួលបានក្នុង១គ្រួសារៗ១៥សន្លឹក និង គ្រួសារងាយរងគ្រោះក្នុង១គ្រួសារៗ ទទួលបាន១០សន្លឹក៕
ដោយ ៖ ជីវ័ន្ត