សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា យោធានិងក្រុមមន្រ្តីថាមពលអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីមកលើអ៊ុយក្រែន បណ្តាលឱ្យរោងចក្រថាមពលមួយចំនួនរងការខូចខាត និងជាការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស។
លោក German Galushchenko រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា «មានការវាយប្រហារដ៏ធំមួយទៀតមកលើឧស្សាហកម្មថាមពលរបស់ប្រទេស»។ លោក Galushchenko បានបន្ថែមថា កន្លែងផលិតនិងបញ្ជូនថាមពលនៅក្នុងតំបន់ Poltava, Kirovohrad, Zaporizhzhia, Lviv, Ivano-Frankivsk និងតំបន់ Vinnytsia ត្រូវបានកំណត់គោលដៅ។ ក្រៅពី Zaporizhzhia តំបន់ទាំងអស់នេះសុទ្ធតែនៅឆ្ងាយពីសមរភូមិជួរមុខទាំងនៅភាគខាងកើត និងភាគខាងត្បូង។ ប្រតិបត្តិករថាមពលអ៊ុយក្រែន Ukrenergo ក៏បានឱ្យដឹងដែរថា បណ្តាញថាមពលក្នុងរោងចក្រមួយ នៅភាគកណ្តាលអ៊ុយក្រែនក៏បានរងការខូចខាតផងដែរ។ នៅឯតំបន់ Poltava ភាគកណ្តាល អភិបាលតំបន់ លោក Filip Pronin និយាយថា រោងចក្រថាមពលមួយ ត្រូវបានវាយប្រហារដោយការវាយប្រហារដោយយន្តហោះដ្រូន ហើយបង្កជាអគ្គិភ័យ។ យោងតាមតាមព័ត៌មានបឋម គឺមិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬរបួសនោះទេ។
រុស្ស៉ីនៅមិនមានការបញ្ជាក់ជុំវិញការអះអាងរបស់ក្រុមមន្រ្តីអ៊ុយក្រែននោះទេ ខណៈសាក្សីរបស់ Reuters នៅទីក្រុងកៀវ បានរាយការណ៍ពីការផ្ទុះ ដែលទំនងដូចជាប្រព័ន្ធការពារស្ទាក់ចាប់ ការវាយប្រហារតាមដែនអាកាស៕
ដោយ៖ ធីរីណា(រូបថត៖ Pravda Ukraine)